អាជ្ញាធរចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ នៅស្រុកស្នួល ខេត្តក្រចេះ និងឃាត់ខ្លួនជនសង្ស័យ៣នាក់

(ក្រចេះ)៖ កម្លាំងចម្រុះខេត្តក្រចេះដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែមាសខុសច្បាប់ នៅចំណុចអូរសាលោង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន www.plpt.net នៅរសៀលថ្ងៃទី ខែមិថុនា ឆ្នាំ២០២០នេះថា ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចចម្រុះ បានចុះហាមឃាត់ពួកគាត់ជាច្រើនលើកច្រើនសាររួចមកហើយ ដោយបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់តាំងពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ និងទុកពេលឲ្យពួកគាត់ចំនួន៧ថ្ងៃ បើមិនរុះរើទេ នឹងធ្វើការបង្រ្កាប។

លុះដល់ថ្ងៃទី០១ ខែមិថុនា កម្លាំងចម្រុះបានចុះដល់ទីតាំង ហើយពួកគេនៅបន្ដធ្វើអាជីវកម្មដដែល ទើបកម្លាំងធ្វើការឃាត់ខ្លួនតែម្តង នាំមកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ជនសង្ស័យទី១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចំណាត់ការតាមនីតិវិធី៕