ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ ដើម្បីពង្រឹងស្ថាប័នឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានគូសបញ្ជាក់ថា «ការងារវិភាគមុខងារ» មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ ប៉ុន្តែជាការពង្រឹងស្ថាប័នឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី បានលើកឡើងអំពីគុណប្រយោជន៍ និងគោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាព ដោយមានក្រសួងមុខងារសាធារណៈ ជាសេធិការក្នុងការសម្របសម្រួល។

លោកបានអះអាងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ ប៉ុន្តែក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារនេះ។ ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារដែលធ្វើឡើង ដោយមានការគិតគូរច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និងជាមូលដ្ឋានកំណត់ក្នុងស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដថា ការងារនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ លោកថា ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោកបន្ថែមថា មានតែស្ថាប័នសាធារណៈដែលមានសមត្ថភាពប៉ុណ្ណោះ ដែលអាចបំលែងធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ លោកក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន៖​ទី១៖ ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល, ទី២៖ ការវាយតម្លៃស្ថាប័ន, ទី៣៖ ការវាយតម្លៃធនធានមនុស្ស និងទី៤៖ ការកែលម្អឥតឈប់ឈរ។

សូមជម្រាបថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់មកនេះ ក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើនលើក ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងប្រជុំពិភាក្សាពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចឲ្យបានឆាប់រហ័ស៕