អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ បង្ហាញពីសមិទ្ធផលការងារបស់រាជរដ្ឋាភិបាល រយៈពេល៣ខែចុងក្រោយ

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» និងដើម្បីបង្ហាញអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ខែចុងក្រោយ។

វេទិកាសារព័ត៌មានលើកទី៥ រៀបចំធ្វើឡើងដោយលោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

សូមជម្រាបថា វេទិកាសារព័ត៌មាននេះ នឹងបង្ហាញនូវអ្វីដែលសមិទ្ធផលគួរឲ្យកត់សម្គាល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងមានទាំងគោលនយោបាយការបរទេសផងដែរ។

ជារៀងរាល់៣ខែម្ដង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តែងតែធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍន៍ភាពរបស់រាជរដ្ឋាភិបាល ដើម្បីជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណៈជនឲ្យបានជ្រាប។ ក្នុងនោះ លោក ប៉ែន បូណា បានលើកឡើងអំពីសមិទ្ធផលក្នុងប្រទេសដែលរាជរដ្ឋាភិបាលសម្រេចបាន ខណៈលោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់អំពីសមិទ្ធផលលើការងារការបរទេស៕