នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំទូក

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងកិច្ចដំណើរការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុកឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យព្រឹត្តិការណ៍នេះសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ និងទទួលបាននូវការគាំទ្រ កោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះ ទូកលិច និងអ្នកជំងឺ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរ ដោយស្មោះ និងសូមជូនពរ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕