គណៈកម្មការទី៤ រដ្ឋសភា កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ដែលសហការការពារព្រះរាជពិធីបុណ្យអុំទូក ឲ្យប្រព្រឹត្តទៅបានជោគជ័យ
គណៈកម្មការទី៤ រដ្ឋសភា កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ដែលសហការការពារព្រះរាជពិធីបុណ្យអុំទូក ឲ្យប្រព្រឹត្តទៅបានជោគជ័យ
(ភ្នំពេញ)៖ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានសម្ដែងនូវការកោតសរសើរដោយ ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយជោគជ័យគួរជាទីមោទនៈ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈកម្មការទី៤ នៃរដ្ឋសភា បានគូសបញ្ជាក់ថា ជោគជ័យដ៏ធំធេង នៃការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ បានបង្ហាញទៅកាន់សកលលោកនូវ សុខសន្តិភាពពេញបរិបូរណ៍នៃកម្ពុជា ប្រកបដោយភាពប៉ិនប្រសប់នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគោលការណ៍ណែនាំ និងបទបញ្ជានានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានរឹងមាំសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាព និងជម្រុញដំណើរការអភិវឌ្ឍ រីកចម្រើនសម្រាប់សង្គមជាតិ និងប្រជាជន ដែលបានបង្កលក្ខណៈអំណោយផលដល់ការប្រារព្ធព្រឹត្តិការណ៍ជាតិដ៏ធំនេះ នៅក្នុងរាជធានីភ្នំពេញ ដោយរក្សាបាន សន្តិសុខយ៉ាងល្អប្រសើរ ញ៉ាំងឲ្យប្រជាពលរដ្ឋរាប់លាននាក់ទូទាំងកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទីបានចូលរួមកម្សាន្ដ សប្បាយដោយក្តីសោមនស្ស ដើម្បីចំណែកលើកស្ទួយ កិត្យានុភាពជាតិ កាន់តែខ្ពស់ត្រដែត និងផ្សព្វផ្សាយទៅកាន់សកលលោកនូវប្រពៃណី និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិខ្មែរ។
ក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា លោក កែប ជុតិមា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រសិទ្ធពរជូន ដោយស្មោះអស់ពីដួងចិត្ត ដើម្បីបន្តចូលរួមបម្រើក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ៕