វិចារណកថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បិទបញ្ចប់ដោយភាពសប្បាយរីករាយ បង្ហាញច្បាស់ពីតម្លៃសុខសន្តិភាព និងការដឹកនាំរបស់អ្នកបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
វិចារណកថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បិទបញ្ចប់ដោយភាពសប្បាយរីករាយ បង្ហាញច្បាស់ពីតម្លៃសុខសន្តិភាព និងការដឹកនាំរបស់អ្នកបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (Video inside)
(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ អកអំបុក ដែលបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ទៅដោយបន្សល់នូវអនុស្សាវរីយ៍ដ៏សែនសប្បាយរីករាយ។
ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក គឺជាការបន្តនូវព្រះរាជបវេណីនៃវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរក្នុងការរលឹកដល់គុណបុណ្យបុព្វបុរសខ្មែរក្នុងការពារបូរណភាពទឹកដី ក៏ដូចជានឹករលឹកដល់គុណព្រះគង្គារដែលជាប្រភពទ្រទ្រង់សំខាន់ដល់វិស័យកសិកម្មការធ្វើស្រែចម្ការរបស់ប្រជាកសិករខ្មែរ។ ការបន្តប្រារព្ធយ៉ាងខ្ជាប់ខ្ជួននូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាកិច្ចប្រឹងប្រែងថែរក្សានូវមរតកវប្បធម៌ខ្មែរឱ្យគង់វង្ស ហើយក៏ជាផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរក្នុងរដូវរំហើយក្រោយពេលច្រូតកាត់ប្រមូលផលស្រូវ បន្ទាប់ពីនឿយហត់ពេញមួយរដូវវស្សា។ បន្ថែមពីលើនោះ ក៏ជួយដល់ចរន្តសេដ្ឋកិច្ចធ្វើឱ្យលំហូរសាច់ប្រាក់តាមរយៈការចាយវាយរបស់ប្រជាពលរដ្ឋ និងការប្រមូលកៀរគរអ្នកទេសចរបរទេសឱ្យចូលមកលេងក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធី ប្រជាពលរដ្ឋក្នុងស្រុក និងអ្នកទេសចរបរទេសដ៏ច្រើនសន្ធឹកសន្ធាប់រង្វង់ជាង៦លាននាក់ បានមុខជួបជុំលេងកម្សាន្តក្រោមទិដ្ឋភាពសប្បាយរីករាយយ៉ាងក្រៃលែងក្នុងរាជធានីភ្នំពេញ ទីកន្លែងនៃការប្រារព្ធព្រះរាជពិធី ជាពិសេសនៅមុខព្រះបរមរាជវាំង និងដងវិថីនានាប្របមាត់ទន្លេ។ ក្រៅពីរាជធានីភ្នំពេញ តាមបណ្តាខេត្តទេសចរណ៍នានា ដូចជាខេត្តសៀមរាប ខេត្តទេសចរណ៍ប្រាង្គប្រាសាទ ខេត្តជាប់ឆ្នេរសមុទ្រ ខេត្តជង្រុកធម្មជាតិភាគឦសាន និងបណ្តាខេត្តដទៃទៀត សុទ្ធតែទទួលបានអ្នកទេសចរទៅលេងកម្សាន្តក្នុងចំនួនដ៏ច្រើន។
លទ្ធភាពប្រព្រឹត្តទៅបាននៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាការដើរលេងកម្សាន្តដ៏រីករាយរបស់ប្រជាពលរដ្ឋរយៈពេល៣ថ្ងៃកន្លងទៅនេះ គឺទាមទារឱ្យមានជាចម្បងនូវសុខសន្តិភាព និងស្ថេរភាពសង្គម។ បើស្រុកទេសគ្មានសុខសន្តិភាព ស្ថិតក្នុងអសន្តិសុខ ឬចលាចល គេមិនអាចប្រារព្ធព្រះរាជពិធីនេះបានឡើយ ឬបើអាចប្រព្រឹត្តទៅក៏ធ្វើឡើងដោយអារម្មណ៍ភិតភ័យ ហើយក៏ប្រហែលគ្មានអ្នកចូលរួមនោះឡើុយ។ ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ចាប់ពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ចេញពីព្រះប្រមុខសង្គមរាស្ត្រនិយមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរហូតដល់ការគ្រប់គ្រងប្រទេសដោយរបបខ្មែរក្រហមប្រជាជាតិខ្មែរមិនមានឡើយការប្រារព្ធព្រះរាជពិធីដ៏សប្បាយរីករាយនេះ។ ក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម កម្ពុជាត្រូវរង់ចាំអស់រយៈពេលជាយូរឆ្នាំទៀត ទើបអាចរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឡើងវិញ។
ដូច្នេះសុខសន្តិភាព ជាកត្តាដ៏ចម្បងដែលញ៉ាំងឱ្យព្រឹត្តិការណ៍ដ៏សែនរីករាយនេះ អាចប្រព្រឹត្តទៅបាន។
តាមរយៈព្រះរាជពិធីរយៈពេល៣ថ្ងៃកន្លងទៅនេះ ក៏បានគូសរំលេចឱ្យឃើញនូវគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខផងដែរ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២នៃការរៀបចំក្រោមការដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនកើតចេញពីការបោះឆ្នោត និងការពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។
រយៈពេលជាង១៥ខែ រាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចំនួនពីរលើក និងពិធីបុណ្យជាតិតូចធំជាច្រើនទៀត ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ តាមរយៈការបន្តរៀបចំនូវព្រះរាជពិធី និងពិធីតូចធំរបស់ជាតិ បានបង្ហាញច្បាស់ពីស្មារតីគោរពប្រណិបត្តិថែរក្សាវប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរពីសំណាក់រាជរដ្ឋាភិបាលនីតិកាលថ្មី។
តាមរយៈការប្រព្រឹត្តទៅនៃការប្រារព្ធ ឬរៀបចំព្រះរាជពិធីបុណ្យ និងពិធីបុណ្យជាតិតូចធំនេះ សបង្ហាញឱ្យឃើញច្បាស់ពីសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការរក្សាបានសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងលំនឹងសេដ្ឋកិច្ចក្នុងសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារនីមួយៗផងដែរ។ បើរាជរដ្ឋាភិបាលនីតិកាលថ្មីអសមត្ថភាពធានាមិនបាននូវរឿងចម្បងទាំងនេះ ច្បាស់ណាស់ការប្រារព្ធព្រះរាជពិធី និងពិធីបុណ្យជាតិតូចធំទាំងឡាយមិនអាចប្រព្រឹត្តទៅបានក្នុងបរិយាកាមហោឡារិក និងសប្បាយរីករាយបែបនេះឡើយ។
សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅក្នុងឆ្នាំ២០២៤នេះទៀតសោត ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាគណៈកម្មការ និងចំណុះទូក។ ពួកគេបានមើលឃើញថា ការរៀបចំបានល្អប្រសើរខ្លាំងទាំងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ដោយមិនអនុញ្ញាតឱ្យមានបាតុភាពមិនល្អកើតឡើង ការរៀបចំតុបតែងលំអរសោភណភាពនានាបានស្អាតក្នុងបរិវេណរៀបចំព្រះរាជពិធី ការត្រៀមបម្រុងក្រុមគ្រូពេទ្យជួយសង្គ្រោះ ក៏ដូចជាការរៀបចំកន្លែងសម្រាប់ស្នាក់នៅរបស់កីឡាករ កីឡាការិនី និងគណៈកម្មការទូកមកពីតាមបណ្តាខេត្តនានា ដែលមានរហូតដល់ទៅជាង២ម៉ឺននាក់។
ភាពល្អប្រសើរទាំងនេះ ប្រជាពលរដ្ឋបានផ្តល់ពិន្ទុខ្ពស់ជូនទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសេនាធិការរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យព្រះរាជពិធីអាចប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
សរុបសេចក្តីមកតាមរយៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលទើបបិទបញ្ចប់ទៅនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ម្លប់សុខសន្តិភាពដែលកម្ពុជារកបានត្រឡប់មកវិញដោយលំបាក និងក្រោមការគ្រប់គ្រងថែទាំបានយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងនាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់ជាតិកម្ពុជាបន្តបោះជំហានទៅមុខឆ្ពោះរកត្រើយវឌ្ឍនភាព និងវិបុលភាព។ ទោះយ៉ាងណាដើម្បីឱ្យសុខសន្តិភាពនេះ បន្តរក្សាបានយ៉ាងរឹងមាំ ក៏មិនអាចខ្វះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនោះដែរ។ ពលរដ្ឋគ្រប់រូបត្រូវតែចូលរួមថែទាំឱ្យបាននូវសុខសន្តិភាពនេះជាមួយរាជរដ្ឋាភិបាល ហើយត្រូវតែប្រកែកជាដាច់ខាតចំពោះសកម្មភាពទាំងឡាយដែលនាំឱ្យបាត់បង់សុខសន្តិភាព បង្កើតជាការបែកបាក់ និងអសន្តិសុខសង្គម ដែលនឹងបំផ្លាញស្នាមញញឹម និងភាពរីករាយរបស់យើងទាំងអស់គ្នា៕
ដោយ៖ វ៉ាន់ សារាយ