ក្រសួងព័ត៌មាន ត្រៀមរៀបចំធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

 

(ភ្នំពេញ)៖ គម្រោងដំណើរការងារធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រ ដោយប្រើឧបករណ៍តេស្តរហ័ស ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងព័ត៌មាន បានលើកមកពិភាក្សាក្នុងឱកាស នៃកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ បច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងមកជួយបង្ហាត់បង្រៀនពន្យល់ពីកិច្ចការងារមួយចំនួនដល់មន្ត្រីបង្គោល ក្រសួងព័ត៌មាន ដើម្បីឱ្យអង្គភាពនីមួយៗអាចចេះធ្វើតេស្តទឹក មូត្រដោយខ្លួនឯង និងបានយល់ដឹងពីរបៀបនៃដំណើរការធ្វើតេស្តរកសារធាតុញៀន។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺធ្វើឡើងដើម្បីស្របទៅនឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការរៀបចំធ្វើតេស្តរហ័សនៅក្នុងទឹកមូត្រ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ហើយគណៈកម្មការផ្ទៃក្នុងនេះ គឺង្កើតឡើងដើម្បីពិនិត្យការតវ៉ា បើសិនជាមាន បញ្ហាកើតឡើងចង់ឲ្យមានការធ្វើតេស្តឡើងវិញ គឺអនុវត្តតាមយន្តការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តផ្ទៀងផ្ទាត់ឡើងវិញ តើពិតឬយ៉ាងដូចម្តេច?។

តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយ ចំនួនបានចាត់តាំង អនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម,សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព, ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕