អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពលោក ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវននឹថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

លោកអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមី របស់លោកជំទាវ លាង ហៃ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ លោកសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេង នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការ បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន។ លើសពីនេះ លោកមានស្នាដៃច្រើនរាប់មិនអស់ ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្លួន នៅក្នុងព្រះពុទ្ធសាសនា។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជាវ តាយ បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕