សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃខ្លះយប់ម៉ោង១ ម៉ោង២ សម្តេចនៅតាមដានព័ត៌មានលើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារបស់ពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយ

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែមកនេះសម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចាច្រើន ហើយថ្ងៃខ្លះសម្តេចនៅបន្តដល់ យប់ម៉ោង១ ម៉ោង២ តាមដានព័ត៌មានលើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារបស់ពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។

ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន​ ៥លើក​មកហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្នុងរយៈពេល៨ខែនេះ ខ្ញុំបានដោះស្រាយបញ្ហាច្រើន រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋយើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ឫជាអ្នកសារព័ត៌មានអាជីព តែគាត់ក្នុងនាមបុគ្គលម្នាក់ ជាពលរដ្ឋម្នាក់ដែលមានលទ្ធភាព ថតបង្ហោះផ្សព្វផ្សាយជាការល្អ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការងារជួយគ្នានៅក្នុងសង្គមរបស់យើង ការងារជួយអំពាវនាវ ការងារជួយគ្នាក្នុងនាមមនុស្សធម៍ គឺមានការផុសផុលល្អ ហើយនេះហើយគឺបានបង្ហាញទឹកចិត្ត ហើយឥលូវមូលហេតុនឹងសិទ្ធសេរីភាពនៃសារព័ត៌មាន និងផលប្រយោជន៍ដែលរាជរដ្ឋាភិបាលបានធានានូវសិទ្ធសេរីភាព ជាមួយនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ បានប្រែក្លាយទឹកចិត្ត​ការចង់ជួយគ្នា ទៅជាកម្លាំងសាមគ្គីដែលអាចជួយគ្នាបានទាន់ពេលវលា នេះគឺជាអ្វីដែលសំខាន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះដែរថា «រាជរដ្ឋាភិបាល ក៏បានទទួលព័ត៌មាន យប់ឡើងខ្ញុំក្រៅពីស៊ីញ៉េឯងសារ ពេលខ្លះនៅតាមដានព័ត៌មានមើលនៅលើ Facebook មើលលើបញ្ហាផ្សេងៗ ពេលខ្លះមើលខ្លួនឯង ពេលខ្លះផ្សេងបោះមកឱ្យខ្ញុំ មានបញ្ហាកន្លែងណាយើងរុញទៅភ្លាម, អភិបាលខេត្តខ្លះត្រូវទទួលព័ត៌មានខ្ញុំម៉ោង១យប់ ម៉ោង៧ភ្លឺរាយការរណ៍មកវិញថាដោះហើយពេលព្រឹក ឫមួយក៏យ៉ាងណា ដើម្បីឱ្យបានលឿនជូនប្រជាពលរដ្ឋ តួនាទីនេះយើងត្រូវលើកទឹកចិត្តបន្ថែម ក្នុងការផ្តល់ព័ត៌មានដើម្បីយើងបានដោះស្រាយបញ្ហា»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពីមុននៅពេលដែលសម្តេចមើលឃើញពីបញ្ហា សម្តេចអាចមានមតិយោបល់ ប៉ុន្តែអ្នកដែលដោះគឺសម្តេចតេជោ ហ៊ុន សែន ចឹងហើយសម្តេចតេជោភាគច្រើនចូលសម្រាកម៉ោង១ ឫម៉ោង២ ឥលូវពេលមើលឃើញបញ្ហាគឺគ្មានជម្រើសទេគឺត្រូវតែដោះដោយខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់ដែរសម្តេចទទួលបានពិតប្រាកដ មិនធានាថាព៏ត៌មានទាំងអស់ សុក្រិតនោះទេ៕