សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សាយរបស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងលោក គុណ ញឹម ជាប្រភេទព័ត៌មានក្លែងក្លាយ!

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយព័ត៌មាន របស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងការចោទប្រកាន់សម្ដេចធិបតី និងលោក គុណ ញឹម ទៅលើការសូកប៉ាន់លុយ ដើម្បីពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ជាប្រភេទព័ត៌មានក្លែងក្លាយ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំកំពុងតែប្រជុំ ស្រាប់តែមានព័ត៌មានរបស់ខេមបូឌាដេលី មកចោទប្រកាន់ថា ឯកឧត្តម គុណ ញឹម ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសូកលុយខ្ញុំតាមរយៈភរិយារបស់ខ្ញុំ ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ តើនេះជាចេតនាអ្វី?»។

សម្ដេចធិបតីបានថ្លែងថា «រឿងនេះជារឿងក្លែងក្លាយ រឿងនេះបានប៉ះពាល់ខ្ញុំ និងគ្រួសារ ហើយរឿងបែបនេះក៏អាចប៉ះពាល់ដល់ប្រជាជន និងប៉ះពាល់ដល់ស្ថាប័ន។ តាមព័ត៌មានបស់ខេមបូឌាដេលីបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវដល់ពេលចូលនិវត្តន៍ហើយ ឯកឧត្តម គុណ ញឹម ចង់ពន្យារដល់ឆ្នាំ២០២៨ ការពន្យារនេះដោយសារបានយកលុយមកសូកប៉ាន់ខ្ញុំ តាមរយៈភរិយារបស់ខ្ញុំ ដើម្បីបានចូលនិវត្តន៍ក្នុងឆ្នាំ២០២៨។
ដើម្បីជាការឆ្លើយតបការចោទប្រកាន់ទាំងនេះ ខ្ញុំបានយកលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាស និងចារឯកភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពីរឆ្នាំមុនដែលបានអនុញ្ញាតឲ្យ ឯកឧត្តម គុណ ញឹម បានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដើម្បីដឹកនាំការ កំណែទម្រង់ប្រព័ន្ធគយ នេះយើងមានឯកសារជាភស្ដុងតាង ចុះបើសិនជាសម្ដេចគ្រាន់តែឲ្យគោលការណ៍ ឬមិនមានការឯកភាព តើរឿងនេះនឹងទៅជាយ៉ាងម៉េច?»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មិនមានការសូកប៉ាន់នោះឡើយ ការបង្កើតបែបនេះ ដើម្បីជាចេតនានយោបាយ ឬយ៉ាងណា? ចាំមើលមើលថា ខេមបូឌាដេលី នឹងធ្វើយ៉ាងណា ព្រោះថាភស្ដុងតាងបានចេញរួចហើយ តើការចេញផ្សាយបែបនេះ មានចេតនា ឬអចេតនា? ប្រសិនបើជារឿងអចេតនា ច្បាស់ណាថា ខេមបូឌាដេលីនឹងចេញផ្សាយដើម្បីកែសម្រួល ព្រោះថា ភស្ដុងតាងបានបញ្ជាក់ហើយ ថាមិនមែនជាគោលការណ៍ ដែលសម្ដេចតេជោឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥នោះឡើយ គឺសម្ដេចបានឯកភាពឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៨ បើសិនមានការពន្យារការចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ក៏មានការឯកភាព និងគ្មានការបង់លុយណាមួយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ក្នុងនាមជានាយករដ្ឋមន្រ្ដី ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ ក្នុងការជ្រើសរើសតាំងតែអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពេលណាក៏បាន ខ្ញុំអាចជ្រើសរើសបេក្ខជន និងស្នើសុំ ជ្រើសតាំង តែងតាំង ផ្លាស់ប្ដូរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏បាន ផ្អែកលើគុណណាធិបតេយ្យ ហើយខ្ញុំគិតថា វិទ្យុខេមបូឌាដេលីដែលផ្សាយនេះប្រហែលជាមានចេតនា ចង់ឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវបើជ្រុលជាដាក់បែបនេះទៅហើយ អីចឹងឯកឧត្តម គុណ ញឹម ត្រូវនៅបន្ដដល់ឆ្នាំ២០២៨»៕