ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានណែនាំទៅក្រសួងអប់រំ កែសម្រួលម៉ោងសិក្សា ដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពសិស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺត្រូវបាន​ចាត់​ទុក​ជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ តាមរយៈទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។

* កំពង់ផែព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តមិនត្រឹមតែជួយរកចំណូលសម្រាប់ជាតិនោះទេ តែផែក៏បានដើរតួនាទីជាចលកររុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវចូលរួមចំណែកជំរុញភាពប្រកួតប្រជែងរបស់កសិផល និងផលិតរបស់យើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវាឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានចំនួន ១,៥០៦គ្រឿង កើនឡើង ៤.៤៤ភាគរយ ប៉ុន្តែចំណុះផ្ទុកនាវាមានដល់ ១៩,១០៥,៧០៣ តោន ដែលមានកំណើនខ្ពស់ ៣៥,៤២ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ នាវាប្រមាណ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា ក្រៅពីនោះត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ព្រោះតែផែបច្ចុប្បន្នមានជម្រៅរាក់នៅឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយផែព្រះសីហនុនៅរាក់ ដូច្នេះកម្ពុជាពឹងផែគេសម្រាប់ដកដង្ហើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ណាដែលមានផែ នឹងមានសេដ្ឋកិច្ចល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែព្រះសីហនុ មិនត្រឹមតែជួយសេដ្ឋកិច្ចខេត្តព្រះសីហនុប៉ុណ្ណោះទេ តែក៏បានជួយដល់សេដ្ឋកិច្ចខេត្តជាប់សមុទ្រ និងតំបន់ដទៃទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការឆ្នាំ២០៥០ រាជរដ្ឋាភិបាល មិនត្រឹមប្រែក្លាយផែកម្ពុជា ទៅជាផែទឹកជ្រៅប៉ុណ្ណោះទេ តែក៏នឹងប្រែក្លាយ ទៅជាកំពង់ផែតំបន់ឡូជីស្ទីកតំបន់ផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលច្បាស់លាស់ និងផែនការច្បាស់លាស់ នឹងធ្វើឱ្យដីមួយដុំក្លាយទៅជាកន្លែងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន គឺជាប្រទេសនាំមុខគេក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រទេសទី២ ដែលជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានថ្លែងថា ចាប់តាំងពីពេលសម្តេចឡើងកាន់តំណែងនាយករដ្ឋមន្ត្រី សម្តេចបានជួបឯកអគ្គរាជទូតជប៉ុនច្រើនជាងគេ ក្នុងកម្មវិធីពាក់ព័ន្ធកសាង និងសម្ពោធសមិទ្ធផលនានា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើមិនអស់សក្តានុពលនៅឡើយនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានបង្កើតកម្លាំងអន្តរាគមន៍ពិសេស ដើម្បីតាមដាន សម្របសម្រួលកិច្ចការងារ ដែលជាបទបញ្ជារបស់សម្តេច ដើម្បីទម្លុះរាល់កិច្ចការទាំងឡាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនចូលចិត្តនិយាយច្រើនទេ និយាយច្រើនតែការងារអត់ចេញ សម្តេចអៀនខ្លួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំទាន់គិតរឿងធ្វើផ្លូវដែកល្បឿនលឿន ត្រូវធ្វើយ៉ាងណាឱ្យផ្លូវដែកពីរខ្សែបច្ចុប្បន្នរត់បានលឿន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគិតគូរពីតភ្ជាប់រវាងកំពង់ផែដែលមានស្រាប់ និងកំពង់ផែសាងសង់ថ្មី។

* សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានថ្លែងថា ប្រកាសលែងផ្តល់អាជ្ញាបណ្ណដើម្បីបង្កើតផែប្រភេទ១បន្ថែមទៀត ទុកឲ្យផែដែលមានស្រាប់បង្កើនសកម្មភាពឲ្យអស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ចេញពន្យល់ពីរឿងផែទេសចរណ៍នៅខេត្តកំពត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែព្រះសីហនុ នឹងមានដៃគូមួយទៀត គឺផែស្វយ័តរាជធានីភ្នំពេញ តាមរយៈផ្លូវទឹក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការលើក្រដាសគ្មានតម្លៃឡើយ ដូច្នេះត្រូវចាត់តាំង និងអនុវត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនឃើញមានចលនាគាំទ្រណា ដូចការគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវតែធ្វើឱ្យចេញ។ គម្រោងនេះជាការវិនិយោគរបស់វិស័យឯកជន កម្ពុជាមិនមានខ្ចីលុយបរទេសនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកំលុងខែសីហា កញ្ញាខាងមុខ នឹងមានការចុះកិច្ចព្រមព្រៀងឥណទានសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ នឹងមិនទទួលជោគជ័យនោះឡើយ ព្រោះពួកគេប្រឆាំងជាមួយគម្រោងជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេ។ កម្ពុជាឆ្លងកាត់រួចហើយសង្គ្រាម ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចង់បានតែសេចក្តីសុខ និងចង់ឱ្យប្រជាពលរដ្ឋឃើញតែពន្លឺភាពសុខសាន្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរមិនចាញ់គេនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ ទឹកទន្លេមេគង្គហូរចូលសមុទ្រតាមប្រទេសវៀតណាម ១៨,០០០ម៉ែត្រគូបក្នុងវីនាទី (១ម៉ែត្រគូប ស្មើនឹង ១០០០លីត្រ)។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានគម្រោងសំណង់ចំនួន ៤៤គម្រោងក្នុងខេត្តព្រះសីហនុ បានស្នើសុំបន្តគម្រោងរបស់ខ្លួន ហើយគម្រោងចំនួន៨ បានចាប់ផ្តើមដំណើរការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញទាំងឡាយ កុំឱ្យអ្នកវិនិយោគមកហើយ មានពាក្យថា «ស្រួលតែនិយាយ»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ រហ័សរហួនក្នុងការចេញបំភ្លឺលើរឿងរ៉ាវពាក់ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួន កុំចាំតែសម្តេចប្រតិកម្ម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំភ្លឺការបកស្រាយត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វើតែលិខិតមួយសន្លឹកបង្ហោះលើផេកមើលត្រឹម១០នាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានលឿនតាមផែនការគ្រោងទុក កុំឱ្យមានការពន្យារពេលជាបន្តបន្ទាប់ ពីព្រោះនៅពេលគម្រោងនេះបានបញ្ចប់រួចរាល់ នឹងអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight) មានភាពប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរ សម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការធ្វើទំនើបកម្មកំពង់ផែ (Port Digitalization) ឱ្យក្លាយជា E-Port។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ដោយ វៃ សុហេង