កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចែកទឹកស្អាតជូនពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ នៅសង្កាត់លេខ១ និងសង្កាត់លេខ៤
កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចែកទឹកស្អាតជូនពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ នៅសង្កាត់លេខ១ និងសង្កាត់លេខ៤
(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ចាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន៥នាក់ នាំយករថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង មានផ្ទុកទឹកស្អាត និងរថយន្តស៉ីរ៉ែនចំនួន១ គ្រឿងចុះសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានតាមសង្កាត់ ចុះស្វែងរកទីតាំងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតទឹកប្រើប្រាស់ទូទាំងមូលដ្ឋានក្រុងព្រះសីហនុ។
ជាក់ស្តែងបន្ទាប់ពីបានធ្វើការយ៉ាងយកចិត្តទុកដាក់រួមគ្នានៅព្រឹកថ្ងៃដដែល កម្លាំងអាវុធហត្ថក្រុងបានចែកទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន២ភូមិ រួមមាន៖ ភូមិ១ សង្កាត់លេខ៤ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ តាមរយៈការចុះចែកទឹកស្អាតនេះ កម្លាំងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងនឹងបន្តស្វែងរកប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់បន្តទៀត ដើម្បីផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រើប្រាស់មិនឱ្យមានការខ្វះខាតនារដូវក្តៅនេះទេ។
ឈ្លៀតក្នុងឱកាសនេះ លោក អ៊ុក ពិសិដ្ឋ បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងទាំងអស់បើកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ សូមប្រញាប់ជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីកងកម្លាំងនាំយកទឹកទៅចែកជូនបងប្អូនប្រើប្រាស់តាមតម្រូវការ។
លោកបានផ្តាំផ្ញើរបន្ថែមថា ក្នុងរដូវរាំងស្ងួត និងអាកាសធាតុកំពុងតែកើនឡើងនូវកម្តៅខ្លាំងនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការប្រើប្រាស់ទឹក ត្រូវមានការសន្សំសម្ចៃបើមិនចាំបាច់កុំខ្ចាស់ខ្ជាយទឹក ចំណែកការប្រើប្រាស់ភ្លើងអគ្គិសនីវិញ ត្រូវយកយកចិត្តទុកដាក់ខ្ពស់ជៀងវាងមានការផ្ទុះសេខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី សូមពិនិត្យឱ្យបានត្រឹមត្រូវមុនចាក់ចេញពីផ្ទះ។
ក្នុងឱកាសនោះលោក សេង នីម ចៅសង្កាត់លេខ៤ ជំនួសមុខប្រជាពលរដ្ឋ សូមថ្លែងអំណគុណយ៉ាងជ្រាវជ្រោដល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារខេត្តចុះជួយសង្កាត់លេខ៤ នៅក្នុងរដូវក្តៅនេះដោយមើលឃើញពីទុក្ខលំបាក់របស់ពលរដ្ឋកំពុងខ្វះខាតទឹកប្រើប្រាស់។ លោកក៏បានចាត់ឱ្យមេបញ្ជាការក្រុង ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានដើរពិនិត្យមើលគ្រួសារដែលខ្វះទឹកប្រើប្រាស់ជាក់ស្តែងដូចនៅព្រឹកនេះតែម្តង៕