ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានស្តីពី «សេរីភាពសារព័ត៌មាន» ដែលសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានស្តីពី «សេរីភាពសារព័ត៌មាន» ដែលសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឆ្នាំ២០២៤

ក្រសួងព័ត៌មាន 
សេចក្តីប្រកាសព័ត៌មាន ស្តីពី
«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា»
អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុង ក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង តំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។
សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា សេរីភាពនេះ
ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាព សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំង ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្ត្រចម្រុះ គឺវិធីសាស្ត្រគុណវិស័យនិងវិធីសាស្ត បរិមាណវិស័យ តាមរយៈ៖ ១)ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្ដ រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ២)ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស, និង ៣)និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គល សំខាន់ៗក្នុងវិស័យព័ត៌មាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើង អំពីសារៈសំខាន់ដែលក្រសួងព័ត៌មានបានសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីលំហ សិទ្ធិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាការសិក្សា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំធ្វើឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ដែលជាសក្ខីភាពមួយបង្ហាញ ភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានពូនជ្រុំនូវរាល់សមិទ្ធផល និងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗសម្រាប់វិស័យ៥
ព័ត៌មានរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ផ្អែកលើលទ្ធផលនៃការសិក្សាដដែលនេះ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់ មតិទាំងអស់ បានឯកភាពថាភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាព ពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពី ប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូល រួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ខណៈមនុស្សចំនួន ៩២,១% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ហើយ ៩៩,៤% បានគាំទ្រការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ។
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលបច្ចេកវិទ្យាទំនើប និងសម្បូណ៌បែបបានផ្លាស់ប្ដូររបៀបនៃការផ្សព្វផ្សាយ ទទួល និងចែករំលែកព័ត៌មាន ក៏ដូចជា ទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ។ របាយការណ៍នេះនឹងផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិសលើការគ្រប់គ្រង រៀបចំ ផែនការយុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មាន និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

បានថ្លែងថាទិដ្ឋភាពនៃការប្រែប្រួល ទាំងនេះចាំបាច់ទាមទារឱ្យភាគីទាំងអស់ក្នុងវិស័យព័ត៌មានអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នា ជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពផ្សព្វផ្សាយប្រកបដោយ ភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មាន មានជំនឿយ៉ាងមុតមាំថារបាយការណ៍នេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ជាមូលដ្ឋាន គ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មានកម្ពុជាឱ្យលេចត្រដែតសក្តិសម ជាអំណាចទី៤ ដែលគាំទ្រនិងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងថែរក្សា ការពារសុខសន្តិភាព នៅកម្ពុជា។
ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំង អស់ ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការ ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការគ្រប់គ្រងសន្តិសុខព័ត៌មាន បន្តផ្តល់កិច្ចគាំពារសង្គមនិងការការពារផ្នែកច្បាប់ដល់អ្នក សារព័ត៌មានដែលគោរពក្រមសីលធម៌ ការពង្រឹងសមត្ថភាពជំនាញតាមរយៈការបណ្ដុះបណ្តាលជំនាញនិពន្ធ ផលិត និង ផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ក៏ដូចជាបំពាក់បំប៉នជូនដល់អ្នកសារព័ត៌មាននូវចំណេះដឹងស្តីពីក្រមសីលធម៌ ច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ។ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំឡើងវិញច្បាប់ស្តីពី របបសារព័ត៌មាន ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសង្គម៕