សម្តេចសង្ឃរាជ បួរ គ្រី និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន យាង និងអញ្ជើញសម្ពោធឆ្លងអគារសិក្សាសាលាបុញ្ញសភា អគារអន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល

(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងអគារសិក្សា សាលាបុញ្ញសភា អគារអន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅវត្តសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការយាង និងមន្តចូលរួមក្រោមព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជទី៧ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនាឱកាសនេះ រួមមាន៖

ទី១៖ អគារសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន ១ខ្នង កម្ពស់៤ជាន់ មានចំនួន ៣២បន្ទប់។
ទី២៖ អគារអន្តេវាសិកដ្ឋាន សម្រាប់សិស្ស និស្សិត ជាស្ត្រីស្នាក់នៅ មានកម្ពស់៣ជាន់ ស្មើ២៤បន្ទប់។
ទី៣៖ សាលាបុញ្ញសភា (សាលាបុណ្យ ឬសាលាឆាន់) ចំនួន ០១ខ្នង។
និងទី៤៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ សួនច្បារ ក្នុងបរិវេណវត្ត៕