ព្រឹកស្អែក គ.ជ.ប នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

តាមរយៈសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនឹងធ្វើឡើងនៅទីស្តីការ គ.ជ.ប វេលាម៉ោង ៨៖៣០នាទីព្រឹក។

សម្រាប់ការចាប់សន្លឹកឆ្នោតនឹងធ្វើឡើងក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី៕