កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្ត្រីទើបសម្រាលកូនរួច ២៥០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្ត្រីទើបសម្រាលកូនរួច ២៥០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

(សៀមរាប)៖ បន្ទាប់ពីប្រគល់អំណោយជាលើកទី៥ ដល់មន្ទីរពេទ្យកុមារអង្គរ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយ លោកជំទាវ ទៀង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារស្ត្រីទើបសម្រាលកូនរួចចំនួន ២៥០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប)។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅភ្នំពេញ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង ជាពិសេសចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក Beat Richner ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ បើទោះបីជាលោកបានទទួលមរណភាពហើយក្តី ដ៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ នៅតែចងចាំក្នុងបេះដូងជានិច្ច។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរឹតបន្តឹងចំណងសាមគ្គីភាពជាមួយមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបន្តនិរន្តរភាពផ្តល់សេវាសុខភាពដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។ លោកជំទាវ បានបន្ថែមថា កាកបាទក្រហមកម្ពុជា ក៏មានមោទកភាព និងក្តីសោមនស្សរីករាយ ដោយបន្ទាប់ពីបានទទួលថវិកាពីសប្បុរសជនក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយមានលទ្ធភាពចែករំលែកថវិកា ១លានដុល្លារអាម៉េរិក ជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលនេះបានឆ្លុះបញ្ជាំងពីការផ្សារភ្ជាប់នូវទឹកចិត្ត ក្តីមេត្តា ករុណា ពីសប្បុរសជនជាមួយបងប្អូនប្រជាពលរដ្ឋ។ លោកជំទាវ បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជា នឹងប្រគល់ថវិកា ១លានដុល្លារ ជាលើកទី១២ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅថ្ងៃទី ១ ខែមិថុនា ខាងមុខនេះ ដែលត្រូវជាទិវាកុមារអន្តរជាតិផងដែរ។»

គ្រួសារស្ត្រីជាមាតាដែលទើបសម្រាលកូនទាំង ២៥០នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះសួរសុខទុក្ខ គិតគូរពីសុខភាព និងជីវភាពរស់នៅដោយបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា សាប៊ូដុសខ្លួន ទឹកអនាម័យស្ត្រី) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕