ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ!
បន្ទាប់ពីបានប្រារព្ធពិធីជប់លៀងជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ ជាថ្មីម្តងទៀតនៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និង ប្រគល់អំណោយជូនដល់បងប្អូនទាំងអស់ ទុកជាចំណងដៃ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ ដោយក្នុងនោះម្នាក់ៗទទួលបានអំណោយ០៨មុខរួមមាន៖ ទឹកក្រូចដប០១កេស, ភេសជ្ជៈប៉ូវកម្លាំង ០១កេស, សាប៊ូម្សៅ ០១ថង់, សាប៊ូកក់សក់ ០១ដប, សាប៊ូដុសខ្លួន ០១ដប, ថ្នាំដុសធ្មេញ ០១ដប, ធូបមូស ០១ប្រអប់ និងអាវយឺត០១ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុមគ្រួសារផងដែរ។
ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ព្រមទាំង ក្រុមគ្រួសារ គ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាក់ស្តែង ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា និងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ជាងនេះទៅទៀត នៅពេលខាងមុខដ៏ខ្លីនេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ដែលធ្វើឲ្យកងកម្លាំងរបស់យើង នឹងត្រូវទទួលភារកិច្ច កាន់តែមមាញឹកបន្ថែមមួយកម្រិតទៀត ដូច្នេះកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការជាមួយ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត លើការងារ ការពារសុវត្ថិភាព ពង្រឹង សន្ដិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ក៏ដូចជាត្រៀមទទួលអនុវត្តនូវរាល់បទបញ្ជាថ្នាក់លើ ឲ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈទាំងអស់។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើថា ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ សម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាត នូវជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ ធ្វើឲ្យយើងមានឱកាស រៀបចំកម្មវិធីជួបជុំផ្សេងៗ ជាថ្មីឡើងវិញយ៉ាងសប្បាយរីករាយ៕