មេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀនជាង ៣២គីឡូក្រាម ត្រូវបានបង្ក្រាបនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅចុងខែមីនា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនធំៗជាច្រើនករណី ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត, ជាក់ស្តែងថ្មីៗនេះការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីទៀត ដែលមានថ្នាំញៀនជាង៣២គីឡូក្រាម និងមេក្លោងម្នាក់ ត្រូវបង្ក្រាបនៅរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះថា ការឃាត់ខ្លួនជនងសង្ស័យ និងគ្រឿងញៀនដ៏ច្រើនសន្ធប់នេះ ធ្វើឡើងយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញការិយាល័យស៊ើបការក្រៅ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការបង្ក្រាបនេះដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ វី វ៉ាន់នុត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម), គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម), សារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រាម។ សរុបគ្រឿងញៀនទាំងអស់ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។

សូមម្រាបថា ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕