ឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី

 

ឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី

(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ភ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្ត ពេញថ្លើម និងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។ ការណែនាំឲ្យមានការតម្រង់ទិសបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំង លើវិស័យសុខាភិបាល ពិសេសសុខមាលភាពប្រជាពលរដ្ឋ។ នៅឆ្នាំ២០៣០ ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅ តម្រង់ទិស រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម បន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការ សេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ នៅឆ្នាំ២០២១។ឯកឧត្តម បានបន្តទៀតថា តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបង្ហាញពីការងារយ៉ាងល្អរបស់មន្ត្រី និងដៃគូអភិវឌ្ឍន៍ តាមរយៈការពិនិត្យសមិទ្ធផល ដែលបានធ្វើរួមគ្នា ក្នុងការលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសការតម្រង់ទិសឲ្យក្រុមគ្រូពេទ្យអនុវត្តក្រោមសីលធម៌ វិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តនឹងសេវាកម្មរបស់យើង។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គសន្និបាត សម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេសការចូលរួមយ៉ាងសកម្មបំផុត ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាកន្លងមក រហូតទទួលបានជោគជ័យ។ ជាមួយគ្នានេះ អង្គសន្និបាតទបានប្ដេជ្ញារួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពលើទិសដៅ អនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន។

អង្គសន្និបាត បានឯកភាពគោរពស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ ថ្នាក់ខណ្ឌ ដើម្បីពង្រឹងយន្តការតាមដាន ត្រួតពិនិត្យសេវាសុខាភិបាលឯកជន ឲ្យកាន់តែមានប្រសិទ្ធិភាព។

លោកវេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕