
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការហ្វឹកហ្វឺនកងទ័ព ជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការហ្វឹកហ្វឺនកងទ័ព ជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត
(
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត។ ការហ្វឹកហ្វឺននេះ បានបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របតាមការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍។
ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្របញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ។ ប៉ុន្តែកំណែទម្រង់លើការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានដ៏មានប្រជាប្រិយភាព បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺន ដើម្បីគោលបំណងធំពីរ គឺ៖ ទី១. បង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបរបស់កងទ័ព។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កំណែទម្រង់ហ្វឹកហ្វឺននេះ ការបង្កើតសាលាបម្រើដល់ការហ្វឹកហ្វឺន គឺជារឿងសំខាន់ណាស់។ និយាយដល់ចំណុចនេះ លោកក៏បានបង្ហាញមោទនភាពចំពោះការបង្កើតសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេស ព្រោះលោកបានចូលរួមចំណែកបង្កើតឡើង។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ទៀតថា បន្ថែមពីលើការបង្កើតសាលាហ្វឹកហ្វឺនហើយនោះ ក៏បានកែសម្រួលបទដ្ឋានគតិយុត្តិ ដោយបានកែប្រែពីអង្គភាពហ្វឹកហ្វឺន ចំណុះឱ្យទ័ពពិសេសកងពល៩១១ ទៅជាសាលាហ្វឹកហ្វឺន ហើយចេញក្របខណ្ឌយោធាចារ្យច្បាស់លាស់។ លើសពីនេះទៀត គឺការបង្កើនមូលដ្ឋានសម្រាប់ហ្វឹកហ្វឺន ប្រែពីមូលដ្ឋានខ្ចីដីគេលោត ខ្ចីដីគេហាត់ ទៅជាមានមូលដ្ឋានរឹងមាំ មានច្បាប់ច្បាស់លាស់។
សម្រាប់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ការចូលរួមចំណែកធ្វើកំណែទម្រង់លើការហ្វឹកហ្វឺននេះ គឺជាមោទនភាពមួយរបស់លោក ក្នុងនាមជានាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ៕