
រដ្ឋមន្រ្តី វង សូត៖ សន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចេញ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដើម្បីយកទៅអនុវត្តពង្រឹងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព
រដ្ឋមន្រ្តី វង សូត៖ សន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចេញ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដើម្បីយកទៅអនុវត្តពង្រឹងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព
(ភ្នំពេញ)៖ លោក វង សូត ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយវុនីតសម្បទា និងក្នុងនាមជាក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រធានគណៈកម្មការរៀបចំសន្និសីទលើកទី៥ បានឲ្យដឹងថា លោកពិតជាមាន មោទនភាព ចំពោះការសម្រេចបាន «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលបានអនុម័តរួមគ្នា នេះជាឯកសារដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក យកទៅអនុវត្តដើម្បីសម្រេចឲ្យបាននូវការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលត្បាលជំងឺកូវីដ១៩ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍសហគមន៍បែបបរិយាបន្ន ដូចខាងក្រោមនេះ៖
– ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជនពិការ និងវិស័យឯកជន
– ការគិតគូរនូវការដាក់បញ្ចូលគ្នានូវយុទ្ធសាស្រ្ត និងវិធានការគំាំពារសង្គម ដែលជាកត្តាចាំបាច់ក្នុងការជួយសម្រួលដល់ស្ថានភាពរបស់បងប្អូនជនមានពិការភាព
– បន្តលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពបន្តកសាងនូវការអនុវត្តល្អ និងនាវានុវត្តន៍សម្រាប់ជនមានពិការភាព
– លើកកម្ពស់វិស័យពិការភាពនៅក្នុងទម្រង់នៃប្រព័ន្ធឌីជីថលដើម្បីអាចដើរទន្ទឹមគ្នាជាមួយការប្រែប្រួលបច្ចេកកវិទ្យា សេដ្ឋកិច្ចសង្គម និងបម្រែបម្រួលអាកាសធាតុ
– ការវិនិយោគលើការអភិវឌ្ឍសហគមន៍បែបបរិយាបន្នសម្រាប់ជនមានពិការភាព និងមនុស្សចាស់
ជាមួយគ្នានេះ រដ្ឋមន្រ្តី វង សុត ក៏សូមអរគុណដល់បណ្តាប្រតិភូនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ ញុំាងឲ្យសន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក លើកទី៥ ស្តីពី «ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នដ៏មានសារៈសំខាន់ បញ្ចប់ទៅប្រកបដោយជោគជ័យ ស្របតាមរបៀបវារៈដែលបានគ្រោងទុក។
ក្នុងនាមគណៈកម្មការរៀបចំសន្និសីទលើកទី៥ លោករដ្ឋមន្រ្តី សូមកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍មានដូចជា កម្មវិធីប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តរភាព កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងសប្បុរជន ជាច្រើនទៀតដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា ដែលលោកបានចាត់ទុកថាជាក្ខីភាពមួយយ៉ាងសំខាន់ និងរឹងមាំ ក្នុងការគិតគូរដល់បងប្អូនមានពិការភាពគ្រប់ពេល និងគ្រប់កាលៈទេសៈ។
ក្នុងពិធីប្រកាសបិទនោះ រដ្ឋមន្រ្តី វង សូត ក៏បានអរគុណ និងអបអរសាទរដល់ប្រទេសនេប៉ាល់ ដែលបានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះលើកទី៦ បន្ទាប់ពីកម្ពុជា ក្នុងការរៀបចំ សន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅឆ្នាំក្រោយទៀត៕