លោក គង់ វិបុល៖ សហគ្រាសមួយចំនួនមិនបានចុះបញ្ជី ប៉ុន្តែតាមការស្រាវជ្រាវបឋម មានចំណូលរាប់សិបលានដុល្លារ នេះជាគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារ 

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា មានសហគ្រាសមួយចំនួន មិនបានចុះបញ្ជីពន្ធដារនោះទេ ប៉ុន្តែតាមការស្រាវជ្រាវបឋមរកឃើញថា មានចំណូលរាប់សិបលានដុល្លារ ដែលនេះជាគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារ។

ការលើកឡើងរបស់លោក គង វិបុល ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក គង់ វិបុល បានលើកជាឧទាហរណ៍ជាក់ស្ដែង បន្ទាប់ពីការចុះអង្កេតឃើញថា មានក្លឹបកំសាន្ដធំៗមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ ជាដើមបានធ្វើអាជីវកម្មយ៉ាងធំនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែពុំទៅចុះបញ្ជីបង់ពន្ធនោះទេ។

លោកបានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារបានដឹង និងមានទិន្ន័យជាច្រើនថា ម្ចាស់អាជីវកម្មក្លឹបកំសាន្ដខាងលើទាំងអស់នេះ មានចំណូលច្រើន ដែលអាចនឹងជាប់ពន្ធក្នុងកម្រិតមធ្យម និងធំ ដូច្នេះខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានដែលផ្ដល់ការអនុញ្ញាត ឬផ្ដល់អាជ្ញាបណ្ណដល់អាជីវកម្មទាំងនេះ សូមជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះមកចុះបញ្ជីបង់ពន្ធ និងសូមសហការជាមួយរដ្ឋាបាលសារពើពន្ធ ឲ្យម្ចាស់អាជីវកម្មទាំងនោះមកចុះបញ្ជី និងគោរពច្បាប់»។

ជាមួយគ្នានេះ លោក គង់ វិបុល បានលើកឡើងថា សូមអំពាវនាវដល់សហគ្រាសទាំងឡាយ ដែលមិនបានមកចុះបញ្ជីបង់ពន្ធ សូមអញ្ជើញរួសរាន់មកបង់ពន្ធ ព្រោះពន្ធដារបានផ្ដល់លទ្ធភាព និងការលើទឹកចិត្តដល់អ្នកដែលពុំទាន់បានចុះបញ្ជីបង់ពន្ធ ជាយូរណាស់មកហើយ។

លោកបានបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មទាំងអស់នោះនៅតែបន្ដរកស៊ី ដោយមិនព្រមមកចុះបញ្ជីបង់ពន្ធ សបញ្ជាក់ថានេះ ជាការរកស៊ីដោយមិនស្មើភាពគ្នាចំពោះអ្នកមានអាជីវកម្មដូចគ្នា ដូច្នេះពន្ធដារក៏មិនអនុញ្ញាត និងផ្ដល់ការអនុគ្រោះបន្ដទៅទៀតដែរ៕