ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង​ លោក-លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ក្រុមជំនួយការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមស្នងការ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាអង្គប្រជុំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ទទួលផែនការងារសេនាធិការ​ ឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមករា ឆ្នាំ២០២៣ និងទិសដៅការងារមួយចំនួន​ សម្រាប់អនុវត្តបន្តនៅខែកុម្ភៈនេះ​ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ​ ហ៊ុន សុធី ស្នងការរង ទទួលផែនការងារធនធានមនុស្ស ឡើងអានរបាយការណ៍ទាក់ទងទៅនឹងការគ្រប់គ្រងវេនប្រចាំបញ្ជា ការងារគ្រប់គ្រងវត្តមាន និងដំណោះស្រាយ ក៏ដូចជាបញ្ហាប្រឈម​ផ្សេងៗផងដែរ​។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមមតិពីលោក លោកស្រីស្នងការរង លោកអធិការ ពាក់ព័ន្ធទៅនឹងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ការងារចរាចរណ៍ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ:ចាំបាច់ជូនប្រជាពលរដ្ឋ លទ្ធផលការងារអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត ។

ក្រោយពីបានស្តាប់របាយការណ៍ និងការចូលរួមមតិរួចមក ឯកឧត្តមស្នងការ​ មានមតិកត់សម្គាល់នូវបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក និងបានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតឯកឧត្តមស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ក៏ដូចជាស្នងការរងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដេីម្បីត្រៀមចេញដោះស្រាយ សង្គ្រោះ និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាផ្សេងៗកេីតមានឡេីង ។