ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សាកលវិទ្យាល័យ CUS គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាដែល មានឈ្មោះបោះសំឡេងមួយនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សា។

យោងតាមរបាយការណ៍ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាប័ត្ររបស់សាកលវិទ្យាល័យចំនួន ៧លើករួចមកហើយ។

លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យ CUS មានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលធ្វើបដិសណ្ឋារកិច្ច ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជាលើកទី៨ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី។

លោកបណ្ឌិត ស្តើង សុខុម បានឱ្យដឹងផងដែរថា និស្សិតជ័យលាភីដែលអញ្ជើញទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ មានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។

លោកបណ្ឌិត បានឱ្យដឹងទៀតថា ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។

បើតាមលោកបណ្ឌិត ស្តើង សុខុម ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩ នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានចាប់ផ្តើមបណ្តុះបណ្តាលកាលពី២០០៣។ សាកលវិទ្យាល័យនេះ បានធ្វើសកម្មភាពយ៉ាងសកម្មលើការបណ្តុះបណ្តាល ផ្តល់ពុទ្ធិ និងចំណេះជំនាញ ដើម្បីចូលរួមកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គម។

គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២២នេះ សាកលវិទ្យាល័យ មាននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យ សរុបចំនួន ៤៧,២៤៦នាក់ នារី ១៥,២៧៤នាក់។

បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ១១,៧៤៧នាក់ នារី ៥,៧៨៨នាក់ កំពុងសិក្សានៅតាមទីតាំង និងសាខាទាំង ៩រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។

លោកបណ្ឌិត ស្តើង សុខុម បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យកំពុងបំពេញការងារសរុបទាំងអស់ចំនួន ១,២៨៦នាក់ នារី ២១៧នាក់។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បច្ចុប្បន្នមានទីតាំងគោលនៅរាជធានីភ្នំពេញ និង៦សាខា នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មានអគារសិក្សា ចំនួន ៩អគារ បន្ទប់សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន ៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន ៩ មានកុំព្យូទ័រចំនួន ៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធផ្សេងៗទៀតផង មានការិយាល័យធ្វើការរួម និងដោយឡែក ចំនួន ៥៧ បាននិងកំពុងបណ្តុះបណ្តាល នៅក្នុងមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យវិស្វកម្ម, និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ។

ដើម្បីកសាងឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានកំណត់នូវគោលការណ៍គ្រឹះក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ពោលគឺនិសិ្សត សាស្ត្រាចារ្យ បុគ្គលិកសិក្សា ត្រូវរៀនបង្រៀន ស្រាវជ្រាវ និងផ្តល់សេវាកម្មប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។

សាកលវិទ្យាល័យ យល់ឃើញថា មានធនធានមនុស្សល្អ គឺមានអ្វីៗទាំងអស់ដែលល្អ និងល្អជាង។ ការបណ្តុះបណ្ដាលដុសខាត់កែច្នៃបុគ្គលទំាងនោះ ឱ្យក្លាយជាធនធានមនុស្សល្អ មានសមត្ថភាព ជំនាញ កាន់តែខ្ពស់ មានអត្តចរិតល្អ អំណត់ព្យាយាម សកម្មការងារ គឺជាទង្វើស្នេហាជាតិ ជាទង្វើប្រកប ដោយកុសលធម៌ ទទួលបានផលបុណ្យក្នុងជាតិនេះតែម្ដង ដែលបណ្តាតួអង្គទាំងអស់របស់សាកល វិទ្យាល័យ ឯកទេស នៃកម្ពុជា ចាំបាច់ត្រូវខ្មីឃ្មាតប្តូរផ្តាច់សម្រេចឱ្យបានជោគជ័យ ជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ដោយចាត់ទុកធនធានមនុស្សជាអាទិភាពទី១ នៃអភិក្រមគោលនយោបាយអភិឌ្ឍន៍របស់ រាជរដ្ឋាភិបាល គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក។

លោកបណ្ឌិត ស្តើង សុខុម បានគូសរំលេចថា លទ្ធផល និងសមិទ្ធផលសម្រេចបានជាង ២០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និងបទពិសោធន៍ ដែលសហការី សហការិនី និងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺ «បណ្តុះបណ្តាលឱ្យមានចំណេះដឹង បណ្តុះបណ្តាលឱ្យមានចំណេះធ្វើ បណ្តុះបណ្តាលឱ្យមានបុគ្គលិកលក្ខណសម្បត្តិល្អ ដើម្បីជោគជ័យក្នុងការងារ និងមុខរបរ»។

ដើម្បីពង្រឹង និងទាញយកអត្ថប្រយោជន៍ពីលំហូរចំណេះដឹង និងឧត្តម្មានុវត្តជាក់ស្តែង សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សា ដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥៦ មកពី កូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល ជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូន សាស្រ្តាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេស មក ផ្លាស់ប្តូរការសិក្សាជាមួយ និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ផងដែរ។

សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និងសន្និសីទអន្តរជាតិធំៗ ក្នុងវិស័យអប់រំ មានជាអាទិ៍សន្និសីទប្រចាំឆ្នាំ ស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE វេទិកាថ្នាក់ ដឹកនាំ សាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និងសិក្ខាសាលា ស្តីពីការធានាគុណភាពអប់រំ របស់ បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ AUN-QA ជាដើម។

ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុក ចំនួន ៥៤៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព គុណតម្លៃ បញ្ញាច្នៃប្រឌិត ខ្ពស់ និងជោគជ័យឆ្នើមក្នុងអាជីពការងាររបស់ខ្លួន ស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ត (STI) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕