យល់ដឹងពីជំនួញ៖ អគ្គនាយកដ្ឋានពន្ធដារលើកឡើងថា រដ្ឋមិនមានបង្កើតពន្ធថ្មី ឬដំឡើងពន្ធនោះទេ ហើយការដំឡើងកម្រិតពិដានប្រាក់បៀវត្សជាប់ពន្ធថ្មី ជាការជួយបន្ថយពន្ធទៅវិញទេ 

 

 (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា រាជរដ្ឋាភិបាល មិនមានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះទេ មានតែពង្រីកការលើកទឹកចិត្ដបន្ថែមទៀត ទៅដល់និយោជិត  ចំពោះការអនុវត្តកម្រិតពិដានប្រាក់បៀវត្សជាប់ពន្ធថ្មី គឺជាការបន្ធូរបន្ថយពន្ធ ដោយបានដំឡើងពិដាននៃតារាងប្រាក់បៀវត្សជាប់ពន្ធ ឲ្យកាន់តែខ្ពស់ជាងមុន។លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមិនមានការដំឡើងពន្ធ ហើយក៏មិនមានការបង្កើតពន្ធថ្មីនោះដែរ គឺមានតែការលើកទឹកចិត្ដ និងពង្រីកការលើកទឹកចិត្ដបន្ថែមទៀត ដូចជានៅក្រោមច្បាប់វិនិយោគ និងក្រោមច្បាប់គោលនយោបាយរាជរដ្ឋាភិបាល ជួយវិស័យ ដែលប៉ះពាល់នឹងសេដ្ឋកិច្ច ពីបញ្ហាកូវីដ១៩»។

លោកបានពន្យល់នូវការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលទើបតែចេញថ្មីៗកន្លងទៅនេះ ធ្វើឲ្យមហាជនមួយចំនួន មានការយល់ច្រលំថា រាជរដ្ឋាភិបាលបន្ថែមអត្រាពន្ធលើប្រាក់បៀវត្ស ប៉ុន្ដែតាមពិតរាជរដ្ឋាភិបាលបានបន្ធូរបន្ថយទៅវិញនោះទេ។

លោក គង់ វិបុល បានបញ្ជាក់ថា «តាមពិត សេចក្ដីណែនាំថ្មីនេះមានន័យថា ទាល់តែកម្រិតប្រាក់បៀវត្សដែលទទួលបានមានចំនួនច្រើនខ្ពស់ជាងមុន ទើបអាចជាប់ពន្ធលើប្រាក់បៀវត្ស។ ប្រសិនបើប្រាក់បៀវត្សនៅត្រឹមកម្រិត ១លាន៣សែនរៀល ដដែល ឬមានការកើនឡើងរហូតដល់ត្រឹម ១លាន៥សែន រៀល នោះមិនមានការជាប់ពន្ធលើប្រាក់បៀវត្សឡើយ។ ហេតុនេះ ការដំឡើងកម្រិតពិដានបៀវត្សជាប់ពន្ធថ្មីរបស់រាជរដ្ឋាភិបាលនេះ គឺក្នុងន័យបន្ធូរបន្ថយទៅវិញទេ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-និយោជិត ដែលទទួលបានបៀវត្សត្រឹម ១លាន៥សែនរៀល ចុះគឺមិនមានជាប់ពន្ធលើប្រាក់បៀវត្សនោះទេ»។

លោកបានអំពាវនាវដល់សាធារណជន សូមកុំឲ្យមានការយល់ច្រឡំ  នូវការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មីនេះ គឺរាជរដ្ឋាភិបាល មានតែបន្ធូរបន្ថយឲ្យនិយោជិត បងប្អូន កម្មករ-កម្មការិនី និងបុគ្គលទាំងអស់ រួចពន្ធធូរស្រាលជាងមុន មិនមែនជាការដំឡើងពន្ធនោះទេ។

សូមរំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយដំឡើងកម្រិតប្រាក់បៀវត្សជាប់ពន្ធ ដល់លើស ១,៥០០,០០០ រៀល។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗ ១៥០,០០០ រៀលក្នុងមួយខែ។

ការកាត់បន្ថយនេះ ធ្វើឲ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស កាន់តែទាបដែលនាំឲ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្ស ក្នុងរង្វង់ពី ១,៥០០,០០១ រៀល ដល់ ២,០០០,០០០ រៀល (ប្រមាណពី ៣៧៥ ទៅ ៥០០ ដុល្លារអាមេរិក) ក៏អាចនឹងរួចផុតពីការបង់ពន្ធ លើប្រាក់បៀវត្ស ផ្អែកទៅតាមចំនួនកូន ក្នុងបន្ទុក  និងប្ដីឬប្រពន្ធជាមេផ្ទះ៕