សមាជិកសមាជិកាគណបក្សភ្លើងទៀន៦៧៥នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

 

(បន្ទាយមានជ័យ)៖ សមាជិកសមាជិកាគណបក្សភ្លើងទៀនចំនួន៦៧៥នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ការប្រកាសនេះមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារពិសេសសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួម ពីក្រុមការងារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានឱ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា សមាជិកសមាជិកាគណបក្សភ្លើងទៀនចំនួន៦៧៥នាក់ នៅខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជននាពេលនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។

អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាគណបក្សភ្លើងទៀន ដែលបានវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការសុំចូលរួមជីវភាពនយោបាយរបស់សមាជិកគណបក្សភ្លើងទៀននេះ គឺដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។

អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបរទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក ដូច្នេះសូមពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត ជាពិសេសសូមគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបន្ត។

សមាជិកសមាជិកាគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពួកគេសុទ្ធតែយល់ច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្ខពួកនិយម និងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង។

សមាជិកសមាជិកាគណបក្សភ្លើងទៀន បានចាត់ទុកថា កន្លងទៅការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូល ដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។

សូមបញ្ជាក់ថា តាមរយៈអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ប្រធានក្រុមការងារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ, លោក ឌួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, និងក្រុមការងារពិសេសជាច្រើននាក់ទៀត ធ្វើឲ្យគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់៕