លោក វង សូត ចុះពិនិត្យការងារជីកស្ដារប្រឡាយរំដោះទឹកនៅជុំវិញផ្ទះអតីតយុទ្ធជន៤០០ខ្នង ក្នុងភូមិជីកដី ស្រុករមាសហែក ខេត្តស្វាយរៀង

(ស្វាយរៀង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យការងារជីកស្ដារប្រឡាយ រំដោះទឹកនៅជុំវិញផ្ទះអតីតយុទ្ធជន ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក វង សូត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក ដែលជានិច្ចកាសម្ដេចតែងតែនឹករលឹក និងយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅចំពោះបងប្អូនអតីតយុទ្ធជនផងដែរ។

លោក វង សូត បានបញ្ជាក់ថា គោលនយោបាយលើកកម្ពស់សុខមាលភាពរបស់អតីតយុទ្ធជនគ្រួសារ អតីតយុទ្ធជនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ពិសេសជម្រកស្នាក់នៅក្នុងនោះខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ផ្ទះ៤០០ខ្នង សម្រាប់អតីតយុវជន គ្រួសារអតីតយុទ្ធជន និងគ្រួសារមានគុណអំណាចចំពោះប្រទេសជាតិ ក្នុងនោះរដ្ឋបាលខេត្តរួមនិងមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុងបានចូលរួមឧបត្តមបន្ថែមលើស្បៀងអាហារពូជដំណាំ ពូជសត្វដើម្បីធ្វើការដាំដុះ និងចិញ្ចឹមសំដៅកែលំអរបន្ថែមលើរបបដែលរាជរដ្ឋាភិបាលឧបត្ថម្ភ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ជាក់ស្ដែងថ្ងៃនេះ ក្នុងនាមលោកផ្ទាល់ និងក្រុមគ្រួសារ សហការី បានផ្ដល់ថវិកាចំនួន១៧០០០ដុល្លារ សម្រាប់ជីកស្តាប្រឡាយរំដោះទឹកចេញពីភូមិផងដែរ។

លោក វង សូត បានណែនាំដល់ក្រុមការងារជីកស្ដារប្រឡាយរំដោះទឹក ត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមប្លង់គោល និងបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ដល់ការរំដោះទឹកចេញពីភូមិឲ្យបានរលូន ចៀសវាងនាំឱ្យលិចទឹកបន្តទៀត។

ជាមួយគ្នានេះ លោកអតីតព្រិនបាលឯក ម៉ី ស៊ឿននិងលោកព្រំ សារីយុទ្ធជនពិការ បានសំដែងនូវការសប្បាយរីករាយចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជម្របស្នាក់នៅ ពិសេសថ្ងៃនេះតាមរយៈ លោក វង សូត បានផ្ដល់ថវិកាជួយជីកស្តាប្រឡាយរំដោះទឹកចេញពីភូមិ ខណៈដែលនៅរដូវវស្សាក្នុងភូមិទាំងមូលបានរងប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឲ្យភោគផលដំណាំខូចខាត ពិសេសប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វស្នាក់នៅផងដែរ៕