
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន
(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានរៀបចំឡើងនៅសណ្ឋាគារ Sun & Moon Riverside។
លើកឡើងនាឱកាសនោះលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងថា «គិតក្នុងឆ្នាំ២០២២ក្រុមមេធាវីរាជរដ្ឋាភិបាល បានការពារក្តីបានចំនួន៦ករណី ភាគច្រើនពាក់ព័ន្ធនឹងសំណុំរឿងសន្តិសុខជាតិ ប៉ុន្តែសំណុំទាំង៦នេះ មានសំណុំរឿង២ធំៗណាស់, ឧទារណ៍សំណុំរឿងដែលបានដំណើរការកន្លងមកនេះ ប្រើរយៈពេលដល់ទៅ៤ឆ្នាំ ពាក់ព័ន្ធនឹងបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយបើនិយាយពីសវនការវិញយើងធ្វើរហូតដល់៦៤លើកក្នុងសវនការ ហើយសូមបញ្ជាក់ជូនថា សំណុំរឿងដ៏ទៃទៀតក៏ធំៗ គ្រាន់តែយើងអាចធ្វើសវនាការត្រឹមតែ២លើកទៅ៣លើកអាចចប់បាន នេះសម្រាប់ឆ្នាំ២០២២»។
លោក គី តិច បានគូសបញ្ជាក់ទៀតថា ក្រុមមេធាវីរាជរដ្ឋាភិបាល មិនត្រឹមតែការពារក្តីរឿងបញ្ហាសន្តិសុខជាតិនោះទេ អ្វីក៏ដោយដែលជនបង្ករ ឫបុគ្គលល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រយោជន៍របស់ពលរដ្ឋ គឺត្រូវតែការពារជាដាច់ខាត ជាពិសេសគឺបញ្ហាដែលប៉ះពាល់ដល់ប្រយោជន៍សមូហភាព និងប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
លោក គី តិច បានបន្ថែមថា ចំពោះមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោសែន ដែលបានបង្កើតឡើងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានធ្វើសកម្មភាពយ៉ាងផុសផុលនៅទូទាំងប្រទេស ក្នុងនោះដែរក្រុម មេធាវីស្ម័គ្រចិត្តទាំងអស់ចំនួនសរុប ១៣៧រូប ដោយរាយតាមគ្រប់បណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស។ សម្រាប់ការការពារក្តីទទួលបានជោគជ័យនេះ ក៏ដោយសារតែមានស្មារតីទទួលខុសត្រូវរបស់សមាជិកមេធាវី ហើយការការពារក្តីនេះគឺមិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ គឺបានប្រើប្រាស់ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត។
បើតាមលោក គី តិច បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោទាំងអស់ ពេលទទួលបានការការពារក្តីជូនស្ត្រីដែលមានជីវភាពខ្វះខាត ខ្វះការការពារសិទ្ធតាមផ្លូវច្បាប់ ឫស្ត្រីងាយរងគ្រោះ គឺក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មិនទទួលយកថវិកាជាសេវាអ្វីនោះទេ សូម្បីការតបស្នងតាមរយៈការជូនអ្វីមួយរបស់ជនរងគ្រោះពេលការពារក្តីរួចហើយ ក៏មិនអនុញ្ញាតឱ្យទទួលនោះឡើយ គឺក្រុមមេធាវីបានជួយដោយស្មោះ និងអនុវត្តន៍តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន ។
ថ្លែងនាឱកាសនោះដែរក្រៅពីការពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះក្រុមមេធាវី, លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣នេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមេធាវី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការខិតខំប្រឹងប្រែងធ្វើការងារ និងកិច្ចខិតខំប្រឹងប្រែងការពារដល់ជនរងគ្រោះនាពេលកន្លងមក ដោយលោកបានអះអាងថា ភារកិច្ចជាអ្នកច្បាប់គឺជាចូលរួមចំណែកដ៏ធំនៅក្នុងប្រទេសដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យផងដែរ៕