សម្តេចតេជោ ហ៊ុន សែន៖ បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) បង្កើតឡើងក្នុងឆ្នាំ២០១៨ កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ​និងផែនការអភិវឌ្ឍតំបន់អាស៊ានជាច្រើន

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាក់ស្តែងវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលតែងរៀបចំឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និងសុខដុមនីយកម្ម រវាងទីក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវក្តីសង្ឃឹមថាកិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើបញ្ហាប្រឈម និង កាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្តផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន។

ក្នុងស្មារតីនេះ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន «សូមវាយតម្លៃខ្ពស់ និងសូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ទីក្រុងបន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោកបាននឹងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និង វិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី បន្ថែមលើនេះ, ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរ និងអាជីវកម្មដល់ប្រជាជនទូទៅក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល»៕