សម្តេចតេជោ ហ៊ុន សែន៖ «តើបណ្តាញព័ត៌មានប្រទេសអ្នកមានខ្មាសអៀនទេ ពេលកម្ពុជាជោគជ័យ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩?» 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ ពីបណ្តាញព័ត៌មានប្រទេសអ្នកមានមួយចំនួន លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឥឡូវនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើជំងឺកូវីដ១៩។

ថ្លែងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា កាលពីចាប់ផ្តើមកូវីដដំបូង ត្រូវបានសារព័ត៌មានប្រទេសអ្នកមានមួយចំនួន សរសេរបន្ទោសបង្អាប់កម្ពុជាខ្លាំងណាស់ បូកទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស និងប្រទេសមួយចំនួនទៀត​ សុទ្ធតែត្រូវគេប្រមាថ បញ្ហាប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ប៉ុន្តែ ឥឡូវនេះ ពួកគេទាំងឡាយដែលធ្លាប់បានសរសេរប្រមាថយើង ទាក់ទងនឹងការគ្រប់គ្រងកូវីដ តើពួកគេវិប្បដិសារី ឬអត់? បញ្ហាគ្រប់គ្រងកូវីដ វាមិនមែនសម្តៅលើបញ្ហាប្រព័ន្ធសុខាភិបាលជឿនលឿន ឬប្រព័ន្ធសុខាភិបាល អន់ខ្សោយនោះទេ»។

សម្តេចបានបន្ថែមថា ការប្រយុទ្ធជាមួយសត្រូវមើលមិនឃើញ គឺជាការប្រយុទ្ធមួយដ៏លំបាក ទាមទារឲ្យយើងធ្វើការជាមួយមនុស្ស មិនមែនធ្វើការជាមួយម៉ាស៉ីនទេ។ ម៉ាស៉ីន គឺជារឿងក្រោយទេ។ ដោយសារតែយើង មានភាពទន់ខ្សោយខាងផ្នែកប្រព័ន្ធសុខាភិបាល តម្រូវឲ្យយើងធ្វើការជាមួយមនុស្ស តម្រូវឲ្យប្រជាពលរដ្ឋយើងទទួលយកនូវវិធានការសុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល ឬរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការខិតខំរបស់កម្មករ កម្មការរិនីនៅរោងចក្រមីនេបៀ ដែលបាននាំគ្នាប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យក្រុមហ៊ុននៅតែអាចដំណើរការ ក្នុងដំណាក់កាលរាតត្បាតកូវីដ១៩។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រោះវាមិនទាន់រលាយនៅឡើយទេ។

ប្រទេសកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ របស់គេហទំព័រ Nikkei (COVID-19 Recovery Index)។

សន្ទស្សន៍ Nikkei COVID-19 Recovery Index នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ប្រសិនបើសន្ទស្សន៍នេះ មានពិន្ទុកាន់តែខ្ពស់មានន័យថា ប្រទេស ឬតំបន់នោះបានងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ បានល្អប្រសើរ ដោយសារករណីឆ្លងថ្មី មានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាត សង្គមធូរស្រាលជាងមុន។

ក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោម ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំង ដប់នៅលើពិភពលោក។

ជ័យជំនះនេះកើតឡើងមកពីកម្ពុជា បានបន្តជំរុញយុទ្ធនាការចាក់ វ៉ាក់សាំង របស់ខ្លួនបានទូលំទូលាយ និងឆាប់រហ័ស និង ជាលទ្ធផលកម្ពុជា បានបើកប្រទេសទាំងស្រុង ទទួលទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក។ ការវិវត្តដ៏ល្អនេះ បានជួយប្រែក្លាយចក្ខុវិស័យ សេដ្ឋកិច្ចនៅកម្ពុជា អោយកាន់តែមានភាពប្រសើរឡើង។ ធនាគាពិភពលោក បានកែសំរួលការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤.៥% ទៅ ៤.៨% ក្នុងឆ្នាំ២០២២នេះ៕