សម្ដេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទទួលបានគ្រឿងឥស្សរិយយសពីវេទិកា «លានស៉ីនកាង» របស់ចិន លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស «Great Wall Commemorative Medal» ពីវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី៦ ឬហៅថា វេទិកា «លានស៊ីនកាង» (Lianyungang) ដែលរៀបចំដោយក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងវេទិកានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រៅពីសម្ដេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក៏ទទួលបានគ្រឿងឥស្សរិយយសដូចគ្នានេះផងដែរ ក្នុងនោះមាន «មេដាយមាស និងមេដាយប្រាក់អនុស្សាវរីយ៍មហាកំពែង»។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការទទួលបានគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្តេចបានថ្លែងទៀតថា​ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ សម្រាប់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម ស ខេង ក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ២ឆ្នាំ ចុងក្រោយនេះ ដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឲ្យព្រួយបារម្ភ។

សម្ដេចបន្តថា ទន្ទឹមនេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន បានផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជន ក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត។

ពាក់ព័ន្ធនឹងនិន្នាការ នៃបទល្មើសទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាក៏ទទួលរងគ្រោះ ដោយសារក្រុមជនល្មើសជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស តាមរយៈការទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្នា នៅក្នុង និងក្រៅប្រទេសរបស់ខ្លួន ធ្វើការឆបោក និងអូសទាញជនរងគ្រោះឲ្យចូលមកប្រទេសកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្រោមការសន្យាក្លែងក្លាយនូវការងារដែលទទួលបានប្រាក់កម្រៃខ្ពស់។

បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង, រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន មានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ។

គួរជម្រាបថា វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន «កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម» ជាតម្លៃស្នូល។

វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕