អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ នៅសង្កាត់ច្បារអំពៅ២

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រុមការងារចុះត្រួតពិនិត្យការដ្ឋានធ្វើផ្លូវចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ផ្លូវចំនួនពីរខ្សែនេះ ជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២២ ដោយមួយខ្សែលេខ៣៥៧ មានទទឹង៨ម៉ែត្របណ្ដោយ ១៧៥ម៉ែត្រ សម្រេចការស្ថាបនាបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត លេខ៣៦៩ នៅទល់មុខបេនឡានផ្សារច្បារអំពៅ កំពុងតែដំណើរការសាងសង់។

ក្នុងការចុះពិនិត្យ ផ្លូវបេតុងសរសៃដែកទាំង២ខ្សែនេះដែរ លោកអភិបាលខណ្ឌ បានស្នើឱ្យខាងក្រុមហ៊ុនដែលកំពុងដំណើរការសាងសង់ សូមអនុវត្តទៅតាមកិច្ចសន្យា ជាពិសេសពេលអនុវត្តគម្រោងត្រូវធ្វើឱ្យស្របតាមលក្ខណៈបច្ចេកទេសនៃសំណង់ ដើម្បីជាប្រយោជន៍រួមហើយក្រុមហ៊ុនក៏ទទួលបានការកោតសរសើរពីអាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ និងមន្ត្រីក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារច្បារអំពៅលើ និងផ្សារបន្លែច្បារអំពៅ ដើម្បីស្វែងយល់ពីមុខរបរអាជីវកម្មរបស់បងប្អូនអាជីវករ និងបញ្ហាប្រឈម មួយចំនួន និងស្វែងយល់ពីតម្រូវការ សំណូមពររបស់អាជីវករផងដែរ ៕