លោក ហ៊ុន ម៉ានី ពិភាក្សាជាមួយគណៈប្រតិភូអូស្ត្រាលី លើប្រធានបទការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជាប្រទេសដៃគូសង្កេតការណ៍មហាសន្និបាតអាយប៉ា លើប្រធានបទ៖ «ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩»។

សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះរួមមាន៖ លោកស្រី Deborah O’Neill សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូប្រទេសអូស្ត្រាលី ព្រមទាំងគណៈប្រតិភូសមាជិកសភាវ័យក្មេងមកពីប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចពិភាក្សា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ភាពសំខាន់នៃប្រធានបទ និងកិច្ចពិភាក្សាថ្ងៃនេះ ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិក AIPA និងសភាអូស្ត្រាលី បានបញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការថ្លែងសាររបស់ប្រទេសនីមួយៗទាក់ទងនឹងចំណងជាមួយប្រទេសអូស្រា្តលី។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បង្ហាញការជឿជាក់ថាកិច្ចពិភាក្សាដ៏មានតម្លៃនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយទៀតដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី កាន់តែស៊ីជម្រៅ ជាពិសេសក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាបន្តស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ១៩ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនេះដែរ លោកក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និតប្រកបដោយការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៧៤ មកម្លេះ។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ «បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងជំងឺរាតត្បាត COVID-19 និងផលប៉ះពាល់នៃវិបត្តិនេះក៏ដោយ ក៏ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី នៅតែរឹងមាំលើសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌»៕