តំណាងលោក ហ៊ុន ម៉ានី អញ្ជើញក្រុងពាលីគម្រោងស្ថាបនស្ពានបេតុង នៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សំ រិទ្ធី តំណាងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានប្រារព្ធពិធីក្រុងពាលីគម្រោងស្ថាបនាស្ពានបេតុង ប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានផ្តល់ជូនស្ពាននេះជាអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋឃុំតាសាល ស្រុកឱរ៉ាល់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដែលពេលនោះលោកបានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសម្ពោធឧបដ្ឋានសាលានៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គម្រោងសាងសង់ស្ពាននេះ គ្រោងនឹងបញ្ចប់នៅចុង ខែមិថុនា ឆ្នាំ២០២៣។ ក្រៅពីស្ពានបេតុងដែលឧបត្ថម្ភដោយលោក ហ៊ុន ម៉ានី ខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នឹងសាងសង់ស្ពានបេតុង២កន្លែងបន្ថែមទៀត ដោយមួយកន្លែងលើកំណាត់ផ្លូវនេះ និងមួយកន្លែងទៀតនៅលើផ្លូវ១៤២បេ (ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់) ដើម្បីជួយសម្រូលចរាចរណ៍ដល់ប្រជាពលរដ្ឋផងដែរ៕