លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

 

 

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ៖ ជាមួយនឹងការអបអរសាទរចំពោះលទ្ធផល នៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍ទាំងមូល លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងកាលពីយប់ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូចនេះ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី៣» នៅសណ្ឋាគារហ្គាឌិនស៊ីធី។ វេទិកានេះមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

មុននឹងឈានដល់ការផ្តល់នូវអនុសាសន៍សំខាន់ៗរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន, លោកបណ្ឌិត ថោង ខុន ក៏បានឡើងធ្វើរបាយការណ៍អំពីលទ្ធផល នៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ដូចខាងក្រោម៖

* កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវស្របតាមទស្សនទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

* ឈរលើមូលដ្ឋានទាំងអស់នេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ អនុវិស័យអេកូទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

* ក្នុងន័យនេះ កម្ពុជារំពឹងថា អាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល ១០ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ។

ជាមួយគ្នានោះ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួច ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្រៅពីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏បានដាក់ចេញអនុសាសន៍សំខាន់ៗបន្ថែមចំនួន ៧ចំណុច ដូចជា៖

ទី១៖ ជាមួយនឹងការដាក់ឱ្យអនុម័តនូវសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី, សូមស្នើឱ្យអង្គវេទិកាទាំងមូល ជាពិសេស ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្តែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ ទៅតាមជំនាញរៀងៗខ្លួន ពិសេសសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។

ទី២៖ សូមអបអរសាទរចំពោះកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ក្នុងការកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិ ដែលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ។ ក្នុងន័យនេះ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំឯកសារគតិយុត្តចាំបាច់នានា ដើម្បីទទួលស្គាល់តំបន់ទាំងនេះជាផ្លូវការឱ្យបានឆាប់, សិក្សាអំពី បរិយាកាសអំណាយផលសម្រាប់ការវិនិយោគ ព្រមទាំងអភិវឌ្ឍ និងជំរុញការអភិវឌ្ឍដោយឈរលើទស្សនាទាន «ការអភិវឌ្ឍបម្រើការអភិរក្ស, ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ» សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៣៖ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាក្នុងសហគមន៍ ដូចជា៖ ការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានា សូមស្នើឱ្យ គ.ជ.អ.អ.

បន្តសិក្សារៀបចំបញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី៤៖ សូមអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ក្នុងស្មារតីនេះ សូមសម្តែងនូវការគាំទ្រចំពោះការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងសូមស្នើឱ្យលោកបណ្ឌិត ថោង ខុន ប្រធាន គ.ជ.អ.អ. ចូលរួមសម្របសម្រួល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំគម្រោង និងផែនការសកម្មភាពពាក់ព័ន្ធនានា ។

ទី៥៖ សូមស្នើឱ្យ គ.ជ.អ.អ. សហការជាមួយដៃគូពាក់ព័ន្ធជំរុញការផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថល ដូចជា៖ ការបង្កើតកម្មវិធីទូរស័ព្ទ និង ថ្នាលបច្ចេកវិទ្យាឌិជីថលជាដើម សំដៅលើកកម្ពស់ការអនុវត្តយុទ្ធនាការ ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ទី៦៖ សូមគាំទ្រឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំនៅតាមតំបន់អេកូទេសចរណ៍អាទិភាព។ ក្នុងន័យនេះសូមស្នើឱ្យ គ.ជ.អ.អ. រៀបចំសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។

ទី៧៖ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីលទ្ធផលនៃវេទិកាជាតិអេកូទេសចរណ៍លើកទី ៣ នេះ ដោយគោរពស្នើសុំការសម្រេចលើដំណោះស្រាយ សម្រាប់បញ្ហាប្រឈមនានា ដែលសហគមន៍បាន និងកំពុងជួបប្រទះ។ បន្ថែមលើនេះក៏សូមស្នើឱ្យ គ.ជ.អ.អ. បន្តជំរុញការអនុវត្តការងារដែលនៅសេសសល់ ស្របតាមស្មារតីនៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសេចក្តីថ្លែងការណ៍នេះ ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់គ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានបង្ហាញជំនឿជាក់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពផុយស្រួយនៅឡើយ, ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនឹងមានសិទ្ធិអំណាចផ្ទាល់ក្នុងការរៀបចំ និងចាត់ចែងអភិវឌ្ឍសហគមន៍របស់ខ្លួន និងជាពិសេសមានឱកាសស្វែងរកចំណូលបន្ថែម តាមរយៈវិស័យទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន។

នាឱកាសនេះផងដែរ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសប្រគល់ជ័យលាភីកម្មវិធីប្រលងប្រណាំងវីដេអូ «ទេសចរណ៍ និងសហគ្រិនភាព» សហការៀបចំដោយគណៈកម្មាធិការជាតិ និងសហគ្រិនខ្មែរ ក្នុងនោះ៖ ជ័យលាភីលេខ១ ថតដោយក្រុម The visitor ក្រោមចំណងជើងថា «កំពូលភ្នំជីវិត» ជ័យលាភីលេខ២ ថតដោយក្រុម FOG ក្រោមចំណងជើងថា «The call of nature 2» ជ័យលាភីលេខ៣ ថតដោយក្រុម Pre Imagery ក្រោមចំណងជើងថា «The man of courage»។

សូមបញ្ជាក់ដែរថា នាឱកាសនោះក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ.អ.អ.) តំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា តំណាងដោយលោក Sanjiv Aggarwal, Counsellor & Head of Chancery លើគម្រោងដែលមានឥទ្ធិពល (QIP) ស្តីពីការរៀបចំ Mobile App ដើម្បីផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ.អ.អ.) តំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងសហគ្រិនខ្មែរ តំណាងដោយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ស្តីពីគម្រោងលើកកម្ពស់សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងសហគមន៍ សម្រាប់បណ្តាខេត្តភាគខាងជើង ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២២។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី «ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» ចុះហត្ថលេខាដោយ លោកបណ្ឌិត ជុក ជំនោរ ប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ.) និងលោក លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល FACT៕