លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលជួបប្រតិភូការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលជួបប្រតិភូការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសូងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អមដោយថ្នាក់ដឹកនាំ និង  មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ៖

១. លោក ហ្គ្រិក គូហ្សម៉ាក (Greg Kuzmak) នាយកផ្នែកសុខភាពនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក  

២. លោកស្រី ខាធឺរីន បូល (Kathryn Bolles) នាយិការផ្នែកគំនិតផ្តួចផ្តើមចាក់ថ្នាំបង្ការសាកលនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក  

៣. លោក អេរិក អាម (Eric Arndt) នាយកប្រចាំតំបន់អាស៊ីនៃមូលនិធិ Rockefeller 

៤. លោកស្រីវេជ្ជបណ្ឌិត អេនជេឡា ឆាដារី (Angela Chaudhari) Partner at Catalyst Management Services and CEO, Swasti Health, India  

៥. លោកស្រីវេជ្ជបណ្ឌិត នេហា ប៉ារិក (Dr Neha Parikh) Portfolio Lead- Evidence for impact at Swasti Health, India 

៦. លោកវេជ្ជបណ្ឌិត ជួប សុខចំរើន ប្រធានអង្គការខាណា (KHANA) និងជាប្រធានគណៈកម្មការដឹកនាំនៃអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និង

៧. លោក ទឹម វរ៉ា នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) ដោយភាគីភ្ញៀវមានគោលបំណងធ្វើការសិក្សាស្វែងយល់ពីការងារចាក់ថ្នាំបង្ការ ជាពិសេសការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងជំនួបពិភាក្សានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រភិភូ ព្រមទាំងបានជម្រាបជូនអង្គប្រជុំ អំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លើយតបប្រកបដោយភាពជោគជ័យ និងគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរាតត្បាតនៃវីរុសកូវីដ-១៩នៅកម្ពុជា ជាពិសេសការធ្វើយុទ្ធនាការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ដោយមិនបង់ថ្លៃនៅទូទាំងប្រទេសរួមទាំងជនបរទេសដែលរស់នៅក្នុងកម្ពុជាផងដែរ និងមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលបានអនុញ្ញាតឱ្យមានការបើកដំណើរការប្រទេសឡើងវិញតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ-៩ ជូនប្រជាពលរដ្ឋ បាន ៩៥,១៤% នៃប្រជាជនចំនួន ១៦លាននាក់ ហើយក៏កំពុងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ខណៈពេលដែលប្រជាជនកម្ពុជា កំពុងរៀនរស់នៅជាមួយវីរុសកូវីដ-១៩តាមបែបគន្លងប្រក្រតីភាពថ្មី និងបន្តប្រុងប្រយ័ត្ន អនុវត្តវិធានការ “៣ការពារ និង ៣កុំ” ព្រមទាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីនិរន្តរភាព នៃដំណើរការប្រទេសឡើងវិញឱ្យបានយូរអង្វែង ទប់ស្កាត់ការហក់ផ្ទុះឡើងវិញនូវការចម្លងនៃវីរុសកូវីដ-១៩។  មិនតែប៉ុណ្ណោះ សកម្មក្នុងការទំនាក់ទំនងហានិភ័យ (Risk Communication) ក៏ជារឿងសំខាន់ផងដែរ ដោយផ្តល់ព័ត៌មានពិត រហ័ស បន្សាបព័ត៌មានប្រឌិត និងក្លែងក្លាយ បំភ្លឺជូនសាធារណជននូវកិច្ចការនានា ទាក់ទងទៅនឹងវិធានការសុខាភិបាលនានា ទៅនឹងជំងឺកូរីដ-១៩ និងសម្រាប់ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការលើកទឹកចិត្តដោយផ្ដល់ជា រង្វាន់ដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទីលាននាក់ និងជារង្វាន់ជូនដល់លោកយាយ-លោកតាដែលមានអាយុ ១០០ឆ្នាំឡើង ត្រូវបានអនុវត្តដោយជោគជ័យដោយយើងសម្រេចគោលដៅ ១០ លាននាក់ ក្នុងរយៈពេលតែ ៦ខែប៉ុណ្ណោះ។

ភាពជោគជ័យនៃការចាក់វ៉ាក់សាំងកីវីដ-១៩នៅកម្ពុជា ការគ្រប់គ្រងបានល្អនូវស្ថានភាពរាតត្បាតវីរុសកូវីដ-១៩ និងការបើកដំណើរការប្រទេសឡើងវិញ ត្រូវបានវាយតម្លៃ និងចេញផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយ Nikkei COVID-19 Recovery Index, Japan ដែលកម្ពុជា ត្រូវបានឈរលើលំដាប់លេខរៀងទី៤ ក្នុងចំណោមបណ្តាប្រទេស ១២១ នៅលើសាកលលោក និងឈរលើលំដាប់ទី១ ក្នុងចំណោមប្រទេសប្រចាំតំបន់អាស៊ាន ។

លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍វិស័យសុខាភិបាលតាំងពីឆ្នាំ១៩៧៩ ដែលនៅពេលនោះ យើងកសាងវិស័យមួយនេះតាំងពីបាតដៃទទេរហូតដល់មានប្រព័ន្ធសុខាភិបាលដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ បានជាច្រើន ហើយបច្ចប្បន្ននេះ ក្រសួងសុខាភិបាលក៏កំពុងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍រដ្ឋាភិបាលឌីជីថល ដោយកំពុងតែបន្តជំរុញការងារសុខាភិបាលតាមបែបឌីជីថលនេះដែរ ដែលជាសរសៃឈាមដ៏សំខាន់មួយក្នុងចំណោមសរសៃឈាមផ្សេងទៀត ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ដាក់ចេញឱ្យអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញការអនុវត្តសុខាភិបាលឌីជីថល មានជាអាទិ៍ ប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងអ្នកជំងឺ គ្រប់គ្រងបច្ចេកទេស និងការអនុវត្តប្រព័ន្ធ Telemedicine ជាដើម។ ជាមួយគ្នានេះដែរ រៀនសូត្របទពិសោធន៍ពីការប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្រសួងក៏បានជំរុញការអនុវត្តបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ដែលជាមធ្យោបាយល្អ និងមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយការជំរុញនេះ នឹងនាំឱ្យមានការផ្តល់សេវាសុខភាពសំខាន់ៗ ខិតកាន់តែទៅជិតសហគមន៍ និងប្រជាជនដែលមានតម្រូវការ ជាពិសេសប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ឆ្នាំ២០២៣-២០៣០ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការពង្រឹងភាពធន់នៃប្រព័ន្ធថែទាំសុខភាព និងការសម្រេចឱ្យបាននូវការគ្រប   ដណ្តប់សុខភាពជាសកល។ 

លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចគាំពារសុខភាពមាតា និងទារក ជំងឺឆ្លង ជំងឺមិនឆ្លង និងការពង្រឹងបន្ថែមទៀតនូវប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានទំនើបកម្ម និងតាមបែបឌីជីថល។ បើតាមលទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាបានបង្ហាញថា ភាគរយស្ត្រីបានទទួលការថែទាំផ្ទៃពោះ សម្រាប់កំណើតរស់ ឬកូនស្លាប់កើតថ្មីៗបំផុត២ឆ្នាំ មុនអង្កេតបានកើនឡើងពី ៣៩% នៅឆ្នាំ ២០០០ ដល់ ៩៩% ក្នុងឆ្នាំ ២០២១-២០២២។ ភាគរយស្ត្រីដែលបានទទួលការថែទាំផ្ទៃពោះមុនសម្រាលចំនួន ៤ ដង ឬច្រើនដងបានកើនឡើងពី ៩% នៅឆ្នាំ ២០០០ ដល់ ៨៦% ក្នុងឆ្នាំ ២០២១-២០២២។ ជាមួយគ្នានេះ សម្រាប់អត្រាមរណភាពទារកក៏បានថយចុះពី ១៨ នាក់នៅឆ្នាំ ២០១៤ មកនៅ ៨ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់នៅឆ្នាំ ២០២១-២០២២ ខណៈអត្រាមរណភាពកុមារ អាយុក្រោម ១ ឆ្នាំ បានថយចុះពី ២៨ នាក់ នៅឆ្នាំ ២០១៤ មកនៅ ១២ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់នៅឆ្នាំ ២០២១-២០២២។ ចំណែក អត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ បានថយចុះពី ៣៥ នាក់ នៅឆ្នាំ ២០១៤ មកនៅ ១៦ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់ នៅឆ្នាំ ២០២១-២០២២។  

គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសើរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា និងយុទ្ធសាស្រ្តជំរុញ សេវាសុខាភិបាលឱ្យដល់សហគមន៍។ មូលនិធិ Rockefeller ពិចារណាជួយគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិ  សុខាភិបាលទី ៤ របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើកម្មវិធីជំរុញការអនុវត្តបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ដោយផ្តោតទៅលើការថែទាំសុខភាពនៅតាមសហគមន៍ ការឆ្លើយតបលើការគ្រប់គ្រងជំងឺមិនឆ្លង មានដូចជា ជំងឺទឹកនោមផ្អែម មហារីក និងសំពាធឈាមឡើងខ្ពស់ និងការពង្រឹងប្រព័ន្ធសុខាភិបាល ព្រមទាំងស្នើសុំកម្ពុជាជួយចែករំលែកបន្ថែមទៀត លើមេរៀនបទពិសោធន៍ និងភាពជោគជ័យដ៏ទៃផ្សេងទៀតតាមបណ្តាញផ្សេងៗ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។

ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូ   សុខាភិបាលទាំងអស់ អង្គការសង្គមស៊ីវិលនានា និងវិស័យឯកជន ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តសុខាភិបាលជាតិ ហើយក៏បានសំណូមពរឱ្យភាគីដៃគូទាំងអស់ដែលមានវត្តមាននាពេលនេះ និងដៃគូផ្សេងៗទៀត បន្តជួយលើការអភិវឌ្ឍវិស័យសុខាភិបាលជាបន្តទៀត ទាំងជំនួយបច្ចេកទេស និងថវិកា ជាពិសេសលើការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ២០២៣-២០៣០ និងការអនុវត្តការងារជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា។

នៅចុងបញ្ចប់កិច្ចប្រជុំនេះ អង្គការគណៈកម្មការសម្របសម្រួលសកម្មភាពសុខភាពនៅកម្ពុជា (HACC) បានប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចំពោះភាពសកម្ម ស្វាហាប់ និងភាពជាអ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការគ្រប់គ្រងមេរោគកូវីដ-១៩ ជាពិសេសយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពនៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ 

កិច្ចប្រជុំពិភាក្សាបានបញ្ចប់ទៅនៅវេលាម៉ោង ១១ និង០០ នាទី នាថ្ងៃដដែល ដោយភាពស្និតស្នាល និង មិត្តភាពសហភាតរៈភាពយ៉ាងកក់ក្តៅ ៕