អភិបាលស្រុកមកបន្តទៀតហេីយក្នុងស្រុកស្អាង

 

អភិបាលស្រុកមកបន្តទៀតហេីយក្នុងស្រុកស្អាង

(ខេត្តកណ្តាល)៖ 

ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្តាំផ្ញើ ៧ចំណុច ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅសាលប្រជុំសាលាស្រុកស្អាង

 

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលរងស្រុកស្អាង ខេត្តកណ្ដាល នៅសាលប្រជុំសាលាស្រុកស្អាង។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើដល់អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកស្អាងទាំងមូល សូមបន្តយកចិត្តទុកដាក់លើការងារ សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា។

២. ត្រូវបន្តជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ប្រកបដោយប្រសិទ្ធភាព។

៣. ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំ
គណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។

៤. បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ
បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន
ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព។

៥. បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

៦. បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។

៧. បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ១០ឆ្នាំ
ដំណាក់កាលទី២ (២០២១-២០៣០) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុក។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្អាង ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕