សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ៦ខ្សែ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ, លោក ម៉ៅ ភិរុណ៖ ប្រទេសមានសុខសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ

(កណ្តាល)៖ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង អាមេចំនួន ៦ខ្សែរ ប្រវែង ៩៧០ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដាក់លូមុខកាត់ ០.៦ម៉ែត្រ ប្រវែង ៣៧១ម៉ែត្រ រ៉ឺហ្គា ១៧កន្លែង និងដាក់លូរំដោះទឹកមុខកាត់ ០.៣ម៉ែត្រ ប្រវែង ៥២ម៉ែត្រ រ៉ឺហ្គា ១៥កន្លែង ក្នុងភូមិព្រែកហូរលិច ភូមិព្រែកហូរ លិច១ និងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ម៉ៅ ភិរុណ បានថ្លែងបញ្ជាក់ថា ការដាក់ឱ្យដំណើរការផ្លូវទាំង៦ខ្សែរនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដ៏មានសារៈសំខាន់សំរាប់ប្រជាពលរដ្ឋ ក្នុងមូល ដ្ឋាន សង្កាត់ព្រែកហូរ ក៏ដូចជាប្រជាជនទូទៅឆ្លងកាត់ សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទបានយ៉ាងងាយស្រួល និងជួយរំដោះទឹកជំនន់ ដោយទឹកភ្លៀង ដែលជាការជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ហើយសមិទ្ធផលនេះគឺបានកើតចេញ ដោយសារ តែប្រទេសមានសុខសន្តិភាព។

លោក ម៉ៅ ភិរុណ បានបន្តទៀតថា សមិទ្ធិផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទះ និងការរួមសាមគ្គីនេះហើយ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ពិសេសការផ្ដល់ សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបាន ក្លាយជាសរសៃ ឈាម ដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។

លោក ម៉ៅ ភិរុណ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យមានភាព ប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕