រដ្ឋបាលរាជធានីភ្នំពេញ កំពុងជួលជុលដោយអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវលេខ៩៩ ក្នុងខណ្ឌចំការមន ក្រោយពីខូចខាតដោយទឹកភ្លៀង

(ភ្នំពេញ)៖ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវចំនូន ៣ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌចំការមន នឹងត្រូវធ្វើការជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយសារទឹកភ្លៀងកន្លងមក ដើម្បីសំរួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ, ការិយាល័យពាក់ព័ន្ធ, រដ្ឋបាលសង្កាត់បឹងត្របែក, ប៉ុស្ដិ៍នគរបាលបឹងត្របែក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ជួសជុលអ៊ុតកៅស៊ូ AC នៅលើកំណាត់ផ្លូវលេខ៩៩ ចាប់ពីផ្លូវលេខ ៤៣២ដល់ផ្លូវលេខ ៤៨៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក ថេង សុថុល បានឲ្យដឹងថា សម្រាប់គម្រោងជួសជុលផ្លូវឡើងវិញ ក្រោយទទួលរងការខូចខាតដោយសារទឹកភ្លៀងជោកជាំនៅក្នុងមូលដ្ឋានខណ្ឌចំការមន មានចំនួន៣ខ្សែ ក្នុងនោះមានផ្លូវលេខ៩៩ ផ្លូវលេខ២៩៤ និងផ្លូវ៤៣២ ជាប់ភូមិសាស្ត្របឹងត្របែក ទួលទំពូងទី១ ទួលទំពូងទី២ និងសង្កាត់ទន្លេបាសាក់។

សម្រាប់ថ្ងៃទី២៥ ខែធ្នូនេះ តាមការណែនាំពីលោក ឃួង ស្រេង ក្រុមការងារបាននឹងកំពុងជួសជុលដោយអ៊ុតកៅស៊ូ AC កំរាស់៥សង់ទីម៉ែត្រ នៅលើកំណាត់ផ្លូវលេខ៩៩ ប្រវែង៩៤០ម៉ែត្រ ទទឹង៩ម៉ែត្រ ដោយចាប់ពីផ្លូវ លេខ៤៣២ ដល់ផ្លូវលេខ ៤៨៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្តថា កន្លងមកឲ្យតែបើកការដ្ឋានជួសជុល ឬស្ថាបនាផ្លូវនានា នៅក្នុងមូលដ្ឋានខណ្ឌចំការមន ក្នុងនាមលោកជាអភិបាលខណ្ឌ លោកតែងតែផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានដឹង ជាមួយនិងការបើកវេទិកាសាធារណៈផងដែរ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការនិងលើកឡើងពីបញ្ហាផ្សេងៗដែលពួកគាត់ចង់បាន។

អភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការ ជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និងចិញ្ចើមផ្លូវ សូមបងប្អូនរំកិលចូលក្នុងឲ្យផុត ទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់តាមការគ្រោងទុក។

ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌចំការមន លោកថេង សុថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ឃួង ស្រេង ដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ៕