សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។
នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ជាឱកាសល្អមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់។
កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងតំណាងឱ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ៖ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង, ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា ឱ្យទទួលបានជោគជ័យ។ ចំណែក AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ាន បានទទួលពានរង្វាន់ជាច្រើន។
សហគ្រិនស្រ្តីឆ្នើមកម្ពុជា ទទួលបានពានលើសពី៦០នាក់ ដែលបានទទួលពាននៅបណ្តាប្រទេសមិត្តអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនប្រមាណ២២នាក់ នឹងទទួលបានពានរង្វាន់ពីវេទិកានេះ។
វេទិកានេះ នឹងផ្តល់នូវខ្លឹមសារចំណេះដឹង ព័ត៌មានពាក់ព័ន្ធសំខាន់ៗសម្រាប់ធុរជន សហគ្រិន ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា សម្រាប់យកទៅធ្វើជាប្រយោជន៍ក្នុងការប្រតិបត្តិការធុរកិច្ច ឬកិច្ចការសម្រាប់ប្រទេស ឬស្ថាប័នរបស់ខ្លួន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែកដល់ការបង្កើតការងារកាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារដ៏ធំទូលាយ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាននៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ចដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គមដែលប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្ត្រីជាច្រើនជំនាន់។ ម្តាយ និងជីដូន របស់យើង និងស្ត្រីជាច្រើនជំនាន់បានចិញ្ចឹមបីបាច់គ្រួសារ រក្សាប្រពៃណី ផ្តល់គុណតម្លៃនៃសេចក្តីមេត្តា ការគោរព និងសាមគ្គីភាពដល់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន ការផ្ដល់តម្លៃ និងផ្តល់ ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅ នៅក្នុងវប្បធម៌, ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង៕