រដ្ឋមន្រ្តីសុខាភិបាល ស្នើដល់សាស្ដ្រាចារ្យ វេជ្ជបណ្ឌិតជំនាញ បន្ដធ្វើការងារជាក្រុមឱ្យកាន់តែប្រសើរ ដើម្បីពង្រីកវិសាលភាពផ្នែកវេជ្ជសាស្ត្រកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគ្របដណ្ដប់ទូទាំងប្រទេស
29-11-2025 19:56
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជា លើកទី៨ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺមហារីកកុមារ» លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសូងសុខាភិបាល បានណែនាំដល់សិក្ខាកាម សាស្ដ្រាចារ្យ និងវេជ្ជបណ្ឌិតជំនាញ បន្ដធ្វើការងារជាក្រុម និងសហការគ្នាឱ្យបានកាន់តែប្រសើរ ដើម្បីចែករំលែកនូវបទពិសោធន៍ការងារល្អៗឱ្យគ្នាទៅវិញទៅមក ពិសេសពង្រឹង និងពង្រីក នូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកវេជ្ជសាស្ត្រកុមារ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យកុមារទូទាំងប្រទេស។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «អ្នកនឹងមិនរុងរឿងយូរអង្វែងនោះទេ ប្រសិនបើអ្នកមិនចេះ ស្រលាញ់ការចែករំលែក។ ដូច្នេះសូមសហការគ្នា ធ្វើការសម្រេចជារួម កុំសម្រេចចិត្តតែម្នាក់ឯង»។
ជាងនេះទៅទៀតលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់សមាជិក សមាជិកាសមាគម បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ នូវការរៀបចំសន្និសីទវិទ្យាសាស្រ្តនៃទិវាវេជ្ជសាស្ត្រកុមារ និងជំរុញឱ្យមាននិរន្តភាពនូវការចេញផ្សាយព្រឹត្តិប័ត្រវេជ្ជសាស្ត្រកុមារ (Bulletin de Pediatrie)។ លើសពីនោះបន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញនិងបង្កើនគុណភាព សុវត្ថិភាពនៃការព្យាបាលជំងឺកុមារ។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យបន្តគាំទ្រការធ្វើវិក្រឹត្យការ ឬការបណ្តុះបណ្តាលរយៈពេលខ្លី ដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិនានា និង ចូលរួមសហការជាមួយអង្គភាពសុខាភិបាលផ្សេងទៀត ក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវពីផ្នែកវេជ្ជសាស្ត្រកុមារ រួមទាំងបន្តការសហការជាមួយនឹងសហភាតរៈ ពាក់ព័ន្ធនឹងសុខភាពកុមារ។
ជាងនេះទៅទៀតណែនាំឱ្យពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញ (subs-specialty) សម្រាប់វេជ្ជសាស្ត្រកុមារ។
បន្ថែមពីនេះសូមបង្កើនសមត្ថភាពស្រាវជ្រាវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅមហារីកកុមារឱ្យបានឆាប់រហ័ស ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងគុណភាព និងយកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគម នូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។
មុននឹងបញ្ចប់កម្មវិធីលោកសាស្ដ្រាចារ្យ បានកោតសរសើរដល់សមាគម ដែលកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រកុមារ និងការបម្រើសេវាជូនប្រជាជនជាកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព និងចូលរួមក្នុងការពង្រឹងនូវសុខុមាលភាពកុមារ និងកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់កុមារ-ទារក ដែលជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅចម្បងៗរបស់ក្រសួងសុខាភិបាល និងស្របតាមគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជាលើកទី៨ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបងើ្កនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព ដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមទាំងអស់ អាចទាញយកសារៈសំខាន់សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណិ្ឌត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួន៤០០នាក់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ចំនួន ៣០០នាក់ ព្រមទាំងមានវាគ្មិនដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗ នៅកម្ពុជា បានធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍នេះ៕
































