ឯកឧត្ដម ហ៊ុន ម៉ានី សោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការប៉ះទង្គិចនៅភូមិព្រៃចាន់ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់
(ដោយ៖ អ៊ុក ទូច)
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ បង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការប៉ះទង្គិចដែលបានកើតឡើងនៅភូមិព្រៃចាន់ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
ឯកឧត្ដមបានថ្លែងថា៖
“ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។”
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសួរទៅកាន់ភាគីថៃថា តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឲ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ដោយស្នើឲ្យអាជ្ញាធរថៃផ្តល់ការបកស្រាយឲ្យបានច្បាស់លាស់អំពីឧបទ្ទវហេតុនេះ។
ឯកឧត្ដមបានបន្ថែមថា៖
“ទោះយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនអាចយល់បានឡើយថា ទោះស្ថិតក្នុងហេតុផលណាក៏ដោយ ដែលទាហានថៃអាចប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ពេលនេះ ម៉ោងនេះ ស្មារតី និងទឹកចិត្តរបស់យើងទាំងអស់គ្នា ស្ថិតជាមួយនឹងរាជរដ្ឋាភិបាល វីរកងទ័ព និងក្រុមគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះក្នុងឧបទ្ទវហេតុនេះ។”
ដោយ៖ អ៊ុក ទូច


