ជំនួបរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយបណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល ផ្តោតលើការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ការប្រើប្រាស់រូបភាពក្នុងការផ្សព្វផ្សាយ ការគោរពសិទ្ធិកុមារ សិទ្ធិរូបភាព និងការគោរពឯកជនភាពរបស់បុគ្គល
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យតំណាងបណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល ដែលរួមមានអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការយូនីសេហ្វកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា អង្គការ Save the Children ប្រចាំនៅកម្ពុជា និងអង្គការ Care Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជំនួបបានផ្តោតការពិភាក្សាលើការពិនិត្យរៀបចំក្របខណ្ឌកិច្ចសហការ លើកកម្ពស់ និងការពារសិទ្ធិកុមារ មនុស្សពេញវ័យ តាមរយៈការរាយការណ៍ ផ្សព្វផ្សាយព័ត៌មានដោយក្រមសីលធម និងនិយាមវិជ្ជាជីវៈត្រឹមត្រូវ។ ក្របខណ្ឌនៃការសហការអាចរាប់បញ្ចូលការបណ្តុះបណ្តាល និងការពិនិត្យលទ្ធភាពក្នុងការរៀបចំក្របខណ្ឌគោលការណ៍ផ្នែកក្រមសីលធម៌ក្នុងការរាយការណ៍ ផលិត ផ្សាយព័ត៌មាន, និយាមលើកកម្ពស់សុវត្ថិភាពកុមារ មនុស្សពេញវ័យ ក្នុងវិជ្ជាជីវៈសារព័ត៌មាន, ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានផ្នែក យកព័ត៌មាន សម្ភាសន៍ សរសេរ ផ្សាយព័ត៌មាន ផ្តិត/ប្រើរូបភាព ដោយផ្តោតលើការគោរព និងការពារសិទ្ធិ ប្រយោជន៍ សេចក្តីថ្លៃថ្នូររបស់កុមារ/មនុស្សពេញវ័យ និងឯកជនភាពរបស់ពួកគេ។
ក្របខណ្ឌនេះផ្តោតលើការសហការរវាងក្រសួងព័ត៌មាន និងក្រុមអង្គការ ដែលមានវត្តមានក្នុងកិច្ចជំនួប និងក៏អាចរាប់បញ្ចូល ក្រុមការងារនៃក្រសួង ស្ថានប័ន ឬក្រុមផ្សេងទៀតដែលអាចពាក់ព័ន្ធដែរ។
សូមជម្រាបជូនថា ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌របស់ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទាំងក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួង ក៏ដូចជាការតម្រង់ទិសតាមរយៈសេចក្តីណែនាំ លិខិតបទដ្ឋាននានា។
ក្នុងបរិបទនេះដែរ ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងឆ្នាំ២០២៤ ក្នុងគោលបំណង លើកកម្ពស់សេរីភាពសារព័ត៌មាន និងការប្រតិបត្តិក្រមសីលធម៌អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិ ការពារសុវត្ថិភាព ទាំងអ្នកសារព័ត៌មាន និងពលរដ្ឋ ពិសេសដើម្បីលើកតម្កើងគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន ការរាយការណ៍ ផលិត ផ្សាយព័ត៌មានដោយក្រមសីលធម៌ និងការធានាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន សម្រាប់ពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងមកនេះ លោកបានជួបជាមួយអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ ព័ត៌មាននៅពេលយប់ ហើយបានពន្យល់ណែនាំឱ្យមានការគោរព ឯកជនភាពរបស់ពលរដ្ឋ គោរពសិទ្ធិឯកជនភាពបុគ្គល ដោយបានសង្កត់ធ្ងន់ថាអ្នកសារព័ត៌មានមិនត្រូវ សម្ភាសន៍អ្នកមានសារធាតុញៀនក្នងខ្លួនកំពុងវង្វេងស្មារតី, អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ។
អ្នកនាំពាក្យក្រសួងព័ត៌មាន សូមរំលឹកជូនដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ថា សារព័ត៌មានប្រកបដោយក្រមសីលធម៌ គឺត្រូវចូលរួមធានាសុខុមាលភាពរបស់កុមារ យុវវ័យ និងចូលរួមការពារពួកគេពីការរងផលប៉ះពាល់នានាជាយថាហេតុ ពិសេសការពារកុំឱ្យពួកគេរងគ្រោះពីការរាយការណ៍ ដែលមិនបានគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។ ដូច្នេះ ការរាយការណ៍ ផ្សព្វផ្សាយព័ត៌មានស្តីពីប្រធានបទពាក់ព័ន្ធកុមារ យុវវ័យ ត្រូវចាំបាច់ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ និងទំនួលខុសត្រូវជាអ្នកសារព័ត៌មាន ក្នុងអាជីពវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ។
សូមបញ្ជាក់ថា ទាំងនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ការលើកកម្ពស់ការការពារសុវត្ថិភាពកុមារ យុវវ័យ តាមរយៈការរាយការណ៍ព័ត៌មាន សារៈសំខាន់ និងការគិតគូរក្នុងចំណោមការងារអាទិភាពនានារបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងនោះរាប់បញ្ចូលទាំង បញ្ហាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព ជំនាញ យន្តការសម្របសម្រួលជាក់លាក់ និងជាប្រព័ន្ធ ក្របខណ្ឌសហការជាមួយតួអង្គពាក់ព័ន្ធ យន្តការហិរញ្ញវត្ថុ ក្នុងចំណោមកត្តាផ្សេងៗទៀត ដែលចាំបាច់ត្រូវរួមសហការគ្នាឱ្យបានប្រសើរ ដោយកំណត់យកគោលដៅរួមជាចំបង ហើយចូលរួមដោយនាំយកមកជាមួយនូវភាពខ្លាំងដែលខ្លួនមាន, ជំនាញ ការគាំទ្របច្ចេកទេស ឬធនធានដែលអាចរួមចំណែកដល់ដំណើរការនៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តជាក់ស្តែង៕





