សកម្មភាពជីករ៉ែមាសនិងសំណខុសច្បាប់នៅភូមិអូរក្លរ ឃុំព្រៃមាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

សកម្មភាពជីករ៉ែមាសនិងសំណខុសច្បាប់នៅភូមិអូរក្លរ ឃុំព្រៃមាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននៅភូមិអូរក្លរ ឃុំព្រៃមាស ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កំពុងមានសកម្មភាពជីករ៉ែមាសនិងសំណខុសច្បាប់កើតឡើងយ៉ាងសកម្ម ដោយមានឈ្មួញនិងថៅកែជាច្រើននាក់កំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរក្លរ ឃុំព្រៃមាស បានឱ្យដឹងថា មានឈ្មួញជាច្រើននាក់កំពុងលួចជីករ៉ែមាសនិងសំណដោយសេរី ដោយមានការបើកដៃពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ សូម្បីតែផ្ទះមេភូមិឈ្មោះផល ក៏មានការជីករ៉ែមាសខុសច្បាប់ ផងដែរ។
ប្រជាពលរដ្ឋបានអះអាងថា សកម្មភាពជីករ៉ែទាំងនេះមិនមែនជាលក្ខណៈគ្រួសារទេ តែជាលក្ខណៈអាជីវកម្ម ខ្នាតធំដែលធ្វើឡើងដោយលួចលាក់ ដោយប្រើប្រាស់គ្រឿងផ្ទុះ ម៉ាស៊ីនស្វាន និងឧបករណ៍ទំនើបៗផ្សេងទៀត។ ក្រោយពីជីក កម្មករជាច្រើននាក់នាំគ្នាសែងដីចេញពីរណ្តៅមកក្រៅដើម្បីកិនយកមាស។ ដំណើរការកិនមាសនេះ ប្រើប្រាស់ម៉ាស៊ីនបុកបំបែក រួចយកមកកិន និងរែងដោយកញ្ជ្រែងញាក់ទើបទទួលបានជាមាស។
សកម្មភាពនេះបន្តធ្វើជារៀងរាល់ថ្ងៃ ដោយមិនមានថ្ងៃឈប់សម្រាក ធ្វើឱ្យមានការសង្ស័យថាតើអាជ្ញាធរថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធបានដឹងឬអត់ អំពីសកម្មភាពទាំងនេះ។
ក្នុងការស្វែងរកការពិត អ្នកសារព័ត៌មាន រស្មីញូស៍ បានទំនាក់ទំនងទៅលោក ចាន់ សុផារី មេប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ តាមរយៈតេឡេក្រាម។ ជាការឆ្លើយតប លោកបានមានប្រសាសន៍ថា៖ “ចាំមើលខ្ញុំតាមដានមើលតិចបង អត់អីទេ”។ អ្នកសារព័ត៌មានក៏បានព្យាយាមទាក់ទងទៅលោក គុណ មេឃុំព្រៃមាស តាមប្រព័ន្ធតេឡេក្រាម ដើម្បីស្វែងរកការបំភ្លឺ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។
ទាក់ទងនឹងករណីនេះ លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនមានការឆ្លើយតបដូចគ្នា គ្រាន់តែចូលមើលតាមប្រព័ន្ធតេឡេក្រាម។ ចំណែកឯ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ក៏មិនអាចទាក់ទងបានដូចគ្នាដែរ។
ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់បានថ្លែងមតិយោបល់ថា៖
“យើងខ្លាចណាស់បង ព្រោះពេលយប់ៗមានសម្លេងផ្ទុះ និងម៉ាស៊ីនស្វានដំណើរការមិនដាច់សូម្បីមួយយប់។ ទឹកនិងដីនៅជុំវិញក៏ចាប់ផ្តើមមានពណ៌ផ្លាស់ប្តូរហើយ ក្មេងៗក៏ឈឺជាញឹកញាប់។”
“យើងសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមកពិនិត្យជាក់ស្តែង ព្រោះសកម្មភាពជីករ៉ែខុសច្បាប់នេះ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ បើបន្តបែបនេះទៀត អាចបណ្ដាលឱ្យដីរលំ ឬទឹកពុលបាន។”
ប្រជាពលរដ្ឋម្នាក់ទៀតបាននិយាយថា៖ “អ្នកជីករ៉ែគេមកពីខេត្តផ្សេងៗ មានម៉ាស៊ីនធំៗ ចូលមកធ្វើការយ៉ាងសើចសប្បាយ ដូចជាមិនមានអាជ្ញាធរមើលថែសោះ។ យើងនៅទីនេះគ្រាន់តែអ្នកក្រីក្រ មិនអាចនិយាយច្រើនបានទេ ខ្លាចគេគុំ។”
សកម្មភាពជីករ៉ែខុសច្បាប់នេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកភូមិ និងអ្នកតាមដានបញ្ហាបរិស្ថាន ខណៈដែលការជីកកកាយទាំងនេះអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងប្រភពទឹកក្នុងតំបន់។
តែទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋទូទៅសំណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាមាន វិធានការ ចាត់មន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវនិងស៊ើបអង្កេត តាមការសំណូមពររបស់ប្រជាពលរដ្ឋទូទៅ ដើម្បីជៀសវាងការរិះគន់ជាសាធារណៈ ចំពោះទីតាំង ជីករ៉ែមាសខុសច្បាប់ខាងលើនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពី គ្រប់ភាគីព្រមទាំង ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាន។
អ្នកសារព័ត៌មាន រស្មីញូស៍ នឹងបន្តតាមដានករណីនេះ និងរាយការណ៍បន្ថែមនៅពេលមានការវិវត្តថ្មីៗ៕
















