ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច​ព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ស្តេចយាងពន្លត់​ភ្លើងជ័យ នៃខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ។ពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។

ភ្លើង​ជ័យ ដែលជានិមិត្តរូប​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីរបស់ប្រជាពលរដ្ឋខ្មែរ​ក្រោយទទួលបានឯករាជ្យ ត្រូវបានអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញ​លេញ​ត្រឡប់​មក​វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហា​វីរក្សត្រ​ខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃ​កំណើត​កង​យោធពលខេមរភូមិន្ទ។

ឆ្នាំនេះក៏ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការ​ដណ្តើម​បានមក​វិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរ​ត្រូវបាន​ប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាន​និមិត្តរូបនៃការដណ្តើមបានឯករាជ្យ និងនៅតាមបណ្តារាជធានីខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *