សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសវ័យ៣៦ឆ្នាំ បន្ទាប់ពីប្រើចបវាយឪពុកបណ្តាលឲ្យស្លាប់ នៅខេត្តប៉ៃលិន

សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសវ័យ៣៦ឆ្នាំ បន្ទាប់ពីប្រើចបវាយឪពុកបណ្តាលឲ្យស្លាប់ នៅខេត្តប៉ៃលិន
(ប៉ៃលិន)៖ សមត្ថកិច្ចខេត្តប៉ៃលិន បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនច្បាស់ មានទីលំនៅនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីប្រើចបវាយឪពុករបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រោយកើតហេតុ អ្នកសង្ស័យបានរត់គេចខ្លួនចូលព្រៃ។ ប៉ុន្តែ នៅម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនគាត់ នៅចំណុចក្នុងព្រៃ ខាងកើតអូរ ប្រហែល ៥០ ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមការស៊ើបអង្កេតដំបូង គេជឿថា ជនសង្ស័យមានអាការៈជំងឺផ្លូវចិត្ត ប៉ុន្តែ មិនមានការចាក់សារធាតុញៀន ឬការផ្ទុកគ្រឿងញៀនទេ
បន្ទាប់មក នៅម៉ោង ១០:៣១នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ ៣៥ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លទ្ធផលតេស្តបញ្ជាក់ថា អវិជ្ជមាន (-) មានន័យថា ជនសង្ស័យមិនមានសារធាតុញៀននៅក្នុងរាងកាយទេ
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតបន្ថែម ដើម្បីកំណត់មូលហេតុពិតនៃករណី និងរៀបចំឯកសារនាំជនសង្ស័យទៅតាមនិតិវិធីច្បាប់។
ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច www.plpt.net
សារព័ត៌មាន «ពន្លឺព្រះធម៌»
រាយការណ៍នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

Leave a Reply

Your email address will not be published. Required fields are marked *