សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្ក្រាប

សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូរ៉ា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជល់មាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបានដោយរលូន? ទីតាំងល្បែងនេះស្ថិតនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះ មហាជនបានរិះគន់អាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែតថា បានមើលរំលងចំពោះបនល្បែងដ៏ធំមួយនេះ ដោយមិនចុះបង្ក្រាប បណ្ដោយឱ្យដំណើរការលេងដោយអាណាធិបតេយ្យ។ បើបណ្តែតបណ្តោយបែបនេះ តើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវអនុវត្តដោយរបៀបណា?
ថ្មីៗនេះ អង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយ និងរាយការណ៍ជាបន្តបន្ទាប់ចំពោះទីតាំងល្បែងជល់មាន់ដ៏ធំខាងលើនេះ ប៉ុន្តែ មិនមានការចុះហាមឃាត់ ឬបង្ក្រាបឡើយ។ គេសង្ស័យថា លោក បូរ៉ា ដែលជាអ្នកមើលការខុសត្រូវនៅសង្វៀននេះ អាចមានខ្នងបង្អែករឹងមាំនៅពីក្រោយ ឬយ៉ាងណាទើបសមត្ថកិច្ចក្រុងប៉ោយប៉ែត មិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។
ករណីនេះបានបង្ហាញនូវភាពអសកម្មរបស់មន្ត្រីមួយចំនួន ឬមានអ្វីបាំងភ្នែកមើលមិនឃើញ ទើបបណ្តោយឱ្យល្បែងស៊ីសងជល់មាន់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពី អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលបំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋបន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមមាន៖ ល្បែងបែបប្រពៃណី (បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ) និងល្បែងស៊ីសងបែបទំនើបតាមអនឡាញ (ឆ្នោតឡូតូ ភ្នាល់បាល់ និងហ្គេមតាមទូរសព្ទ)។
ចំពោះល្បែងស៊ីសងខាងលើនេះ បញ្ជាក់បានថា មន្ត្រីសមត្ថកិច្ចមួយចំនួននៅមិនទាន់អាចបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់បាននៅឡើយទេ។
ក្នុងករណីនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមទាក់ទងសុំការបកស្រាយបំភ្លឺពីលោក បូរ៉ា ដែលជាអ្នកមើលការខុសត្រូវនៅសង្វៀនជល់មាន់នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប៉ុន្តែបានខលចូលពីរដងមិនទទួលទូរសព្ទ។ ចំណែកលោក ព្រហ្ម វិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ក៏ទូរសព្ទមិនអាចទាក់ទងបានដែរ។
មហាជនសូមសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត មេត្តាជួយចាត់វិធានការលើទីតាំងបនល្បែងមួយកន្លែងនេះផង ដើម្បីធានាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

Leave a Reply

Your email address will not be published. Required fields are marked *