រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូវិទ្យុសំឡេងវៀត VOV ដឹកនាំដោយលោក ង្វៀន ថាញ់ណាម (NGUYEN THANHNAM) លេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រង គម្រោងជំនួយកម្ពុជា-ឡាវ វិទ្យុសំឡេងវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយជាតិរបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការធ្វើទំនើបកម្មឧបរណ៍ សម្ភារៈនានាដែលបម្រើឱ្យប្រព័ន្ធផ្សព្វផ្សាយ។ ជាក់ស្តែង រយៈពេល២ឆ្នាំ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា បានសរបញ្ជាក់ថាប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ មានការអភិវឌ្ឍបានយ៉ាងរហ័ស ជាពិសេសប្រព័ន្ធផ្សព្វផ្សាយជាតិ បានដើរតួនាទីស្នូលក្នុងនាំមុខ ហើយព្រឹត្តិការណ៍សំខាន់ៗ គឺគ្រប់ប្រព័ន្ធផ្សព្វផ្សាយឯកជន បានរង់ចាំយកចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា «ក្រសួងព័ត៌មាន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹងសមត្ថភាពមន្ត្រី និងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ដើម្បីឱ្យស័ក្តិសមជាប្រព័ន្ធផ្សព្វផ្សាយគួរឱ្យទុកចិត្ត សម្រាប់ព័ត៌មានព័ត៌មានពិត រហ័ស និងមានគុណភាពជូនដល់ប្រជាពលរដ្ឋ។ ក្រសួងព័ត៌មាន បានខិតខំពង្រឹងលើសមត្ថភាពមន្ត្រីផ្នែកវិទ្យុ ព្រមទាំងធ្វើទំនើបកម្មផ្នែកទូរទស្សន៍ ដើម្បីឆ្លើយតបនឹងការរីកចម្រើន និងតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងយុគសម័យឌីជីថល។ ដូច្នេះ សូមអរគុណចំពោះវៀតណាមដែលបានចូលរួមគាំទ្រពាក់ព័ន្ធនឹងការងារបណ្តុះបណ្តាលធនធានមនុស្ស ការធ្វើទំនើបកម្មសម្ភារៈ និងបច្ចេកទេសដល់ក្រសួងព័ត៌មាន»

នៅចំពោះមុខភាគីវៀតណាម, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណនៅតែមិនអាចអត់បាន។ ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ នៅតែមានសារៈសំខាន់ បើទោះបីជាកំពុងមានបរិវត្តកម្មឌីជីថលក្នុងវិស័យសារព័ត៌មានក៏ដោយ ជាពិសេសសម្រាប់ប្រជាជននៅតាមចុងកាត់មាត់ញក ដែលពួកគាត់នៅតែប្រើប្រាស់វិទ្យុដើម្បីទទួលបានព័ត៌មាននៅឡើយ។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណរបស់ប្រជាជនតាមទីជនបទនៅតែជាទីពេញនិយម បើទោះបីជាពួកគាត់មានទូរស័ព្ទឆ្លាតវៃប្រើប្រាស់ ក៏ពួកគាត់នៅស្តាប់វិទ្យុតាមទូរស័ព្ទ។

លោក ង្វៀន ថាញ់ណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាពិសេសការរីកចម្រើនលើផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ជាលំដាប់ក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នីតិកាលទី៧ ព្រមទាំងសហការីទាំងអស់។

លោក ង្វៀន ថាញ់ណាម ក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តក្រសួងព័ត៌មាន ចំពោះការផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការសម្រេចបានសមិទ្ធផលជាច្រើនក្នុងនាមជាស្ថាប័នគ្រប់គ្រងលើប្រព័ន្ធផ្សាយ។ ដូចនេះ ជឿជាក់ថានៅថ្ងៃអនាគតក្រសួងព័ត៌មាននឹងមានការរីកចម្រើន បង្ហាញឱ្យឃើញកាន់តែច្បាស់ពីគុណភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ លោកក៏បង្ហាញពីក្តីសង្ឃឹមថាក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ និងសម្បូរបែបបន្ថែមទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *