អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលសង្វាក់ផលិតកម្មសម្ងួតផ្លែមៀនក្រៀមរបស់វិស័យឯកជន សម្រាប់ការនាំចេញ
29-11-2025 21:19
(ប៉ៃលិន)៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មសម្ងួតផ្លែមៀនប៉ៃលិនក្រៀម របស់វិស័យឯកជន សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលមានទីតាំងនៅភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឲ្យការដាំដុះ របស់ប្រជាកសិករ ទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
នៅក្នុងឱកាសនោះ លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានបើករោងចក្រសហគ្រាសដោយផ្ទាល់ នៅលើទឹកដីខេត្តប៉ៃលិន ហើយជួយទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករម្ចាស់ចំការធ្វើការ សម្ងួតវេចខ្ចប់សម្រាប់នាំចេញនៅទីផ្សារក្រៅប្រទេស ហើយបានផ្តល់ការងារជាច្រើន ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកត្តាជួយជំរុញសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រទេសកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន សហគ្រាស ដែលកែរច្នៃ សម្ងួត វេចខ្ចប់ផ្លែមៀនប៉ៃលិន បានធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទាំងស្រស់ និងក្រៀម ចំនួនជិត១៥,០០០តោនទៅកាន់ទីផ្សារប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប៕











