តេី លោកអធិការនិងលោកអភិបាលខណ្ឌ គិតយ៉ាងណា?
ករណីល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងដំណើរការនៅភូមិតាងួន សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង ដែលត្រូវបានគេថាជាមានថៅកែជាជនជាតិចិន កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង នៅតំបន់ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទោះបីមានសកម្មភាពបើកលេងយ៉ាងចំហបែបនេះក៏ដោយ ក៏មិនឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដឹកនាំដោយលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ចាប់អារម្មណ៍ឬចាត់វិធានការណ៍ឡើយ។
ប្រជាពលរដ្ឋនៅជិតទីតាំងបានឲ្យដឹងថា ពួកគេសង្កេតឃើញជនបរទេស—ជាពិសេសជនជាតិចិន—ដើរចូលចេញលេងជាប្រចាំ ហើយក៏មានរថយន្តដឹកមនុស្សមកចូលលេងផងដែរ។ មិនត្រឹមតែជនជាតិចិនទេ ក៏មានជនជាតិខ្មែរចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ ទីតាំងនេះត្រូវបានបើកដំណើរការជាចំហ ដោយគ្មានការបិទបាំង ឬការលាក់បាំងចេញពីភ្នែកប្រជាពលរដ្ឋ និងអាជ្ញាធរឡើយ។
ប្រជាពលរដ្ឋមួយចំនួនក៏បានបន្តថា ពិបាកជឿណាស់ថា អាជ្ញាធរ ឬកម្លាំងសមត្ថកិច្ចនៅក្នុងខណ្ឌ និងប៉ុស្តិ៍មូលដ្ឋាន មិនដឹងអំពីទីតាំងល្បែងខុសច្បាប់នេះទេ។ ដូច្នេះ ពួកគេសូមអំពាវនាវឲ្យលោក ទូច នី នាយកប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ និងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ចាត់កម្លាំងចុះត្រួតពិនិត្យ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋក្នុងសហគមន៍នោះមានអារម្មណ៍ថា មិនសូវមានក្តីរំពឹងថា អាជ្ញាធរមូលដ្ឋាននឹងបង្ហាញការខិតខំប្រឹងប្រែងក្នុងការបង្រ្កាបសកម្មភាពខុសច្បាប់នេះឡើយ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអភិបាល ២៥ ខេត្ត–ក្រុង ទូទាំងប្រទេស ដើម្បីបង្រ្កាបកន្លែងលេងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងការចែកចាយថ្នាំញៀនខុសច្បាប់ ដោយគ្មានការលើកលែង។ ទោះបីជាមានបទបញ្ជាដ៏តឹងរឹងបែបនេះក៏ដោយ សកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក៏នៅតែបន្តដំណើរការដដែល៕
ព័ត៌មានបន្ថែមទាក់ទង៖ 071 799 6662



